ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា លើកទឹកចិត្តដល់អ្នកចិញ្ចឹមសត្វឱ្យបន្តសាមគ្គីគ្នាដើម្បីឆ្ពោះទៅរកភាពរីកចម្រើន

ជុំវិញ​ឧកញ៉ា

ស្ថិតក្នុងកាលៈទេសៈអ្នកចិញ្ចឹមសត្វក្នុងស្រុកកំពុងផ្តោតការតាមដានអំពីវឌ្ឍនភាពវិស័យចិញ្ចឹមសត្វនៅពេលខាងមុខ ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានសមាជិកព្រឹទ្ធសភានៃភូមិភាគទី៧ អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានជំរុញលើកទឹកចិត្តដល់អ្នកចិញ្ចឹមសត្វ និងតួអង្គពាក់ព័ន្ធបន្តរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីពង្រឹង ពង្រីកវិស័យមួយនេះឱ្យកាន់តែរីកចម្រើនជឿនលឿនតទៅមុខទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំ និងសិក្ខាសាលាស្តីពីឧត្តមភាពនៃវិស័យចិញ្ចឹមសត្វនៅកម្ពុជា កាលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ថា កន្លងមកទោះបីជួបការលំបាកយ៉ាងណាក៏ដោយមិនថាជ្រូកចុះថ្លៃខ្លាំង ឡើងថ្លៃលក់បានត្រឹមរួចខ្លួន និងប្រឈមនឹងជំងឺទូទៅក៏យើងនូវតែរួបរួមសាមគ្គីគ្នាដើម្បីចូលរួមចំណែកកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាជាមួយនឹងរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ។

អ្នកឧកញ៉ា មានប្រសាសន៍ថា «សមាគមអ្នកចិញ្ចឹមសត្វរបស់យើងគឺនៅក្មេងខ្ចីណាស់ ទើបតែកើតឡើងបានប៉ុន្មានឆ្នាំ អីចឹងយើងត្រូវតែខិតខំប្រឹងប្រែងបន្តរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីពង្រឹង ពង្រីកវិស័យចិញ្ចឹមសត្វរបស់យើងនេះឱ្យកាន់តែរីកចម្រើនជឿនលឿនតទៅមុខទៀត ហើយខ្ញុំនៅតែចូលរួមចំណែកក្នុងវិស័យចិញ្ចឹមសត្វនេះបន្តទៅទៀតជាមួយថ្នាក់ដឹកនាំទាំងអស់នៅពេលមានតម្រូវការរូបខ្ញុំ ខ្ញុំនឹងខិតខំរិះរកគ្រប់មធ្យោបាយជួយជំរុញវិស័យចិញ្ចឹមសត្វរបស់យើងនេះឱ្យកាន់តែរីកចម្រើនជឿនលឿនទៅមុខ»។

អ្នកឧកញ៉ាលើកឡើងថា រាល់ពេលសមាគមអ្នកចិញ្ចឹមសត្វនៅទូទាំងប្រទេសពេលជួបការលំបាក ថ្នាក់ដឹកនាំសមាគមតែងតែរិះរកគ្រប់មធ្យោបាយដើម្បីឱ្យរាជរដ្ឋាភិបាលជួយដោះស្រាយ ក្នុងនោះតម្រូវការចាំបាច់គឺរូបខ្ញុំ ឱ្យជួយសម្របសម្រួល តាំងពីខ្ញុំមិនទាន់ជាប្រធានគណកម្មាការទី៣ព្រឹទ្ធសភា អាណត្តិទី១នៃរាជរដ្ឋាភិបាល រហូតមកដល់បច្ចុប្បន្ននេះ មិនត្រឹមតែការចិញ្ចឹមសត្វទេ កសិផលទាំងអស់ពេលជួបបញ្ហា តែងតែរិះរកគ្រប់មធ្យោបាយជួយសម្របសម្រួលឱ្យរាជរដ្ឋាភិបាលជួយដោះស្រាយ ដើម្បីឱ្យកសិករយើងអាចប្រកបរបរអាជីវកម្មលើវិស័យកសិកម្ម កសិឧស្សាហកម្មបានតទៅមុខទៀត។

បើយោងតាមអ្នកឧកញ៉ា ម៉ុង ឬទ្ធី កន្លងមកស្រូវចុះថ្លៃ ជ្រូកឡើងថ្លៃ តែពេលនេះស្រូវឡើងថ្លៃ តែជ្រូកចុះថ្លៃ ហើយសត្វចិញ្ចឹមភាគច្រើនចុះថ្លៃ។ ដូចនេះវាពិបាកណាស់ ទីផ្សារមិនទៀងទាត់ ហើយខ្ញុំនៅតែពេញចិត្តបម្រើដោយឥតលក្ខខណ្ឌ៕ តាកែវ