ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងមុខតំណែង និងផ្តល់ឋានៈ ឧកញ៉ា ទ្រី ដាលុច ដែលកូនប្រុសច្បងរបស់អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប ជា «អគ្គលេខាធិការរង» នៃគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានឋានៈស្មើ អនុរដ្ឋលេខាធិការ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើតាមព្រះរាជក្រឹត្យលេខ នស/រកត/០២២៤/១៨៧ ដែលឧកញ៉ា ញូស៍ ទើបទទួលបាន។

មុនទទួលបានតំណែងខាងលើនេះ លោកឧកញ៉ា ទ្រី ដាលុច ក៏ទើបតែទទួលបានការតែងតាំងជា នាយករងខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈសេចក្តីសម្រេច កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។

សូមជម្រាបថា លោកឧកញ៉ា ទ្រី ដាលុច ដែលជាកូនប្រុសទី១ ស្ថិតក្នុងចំណោមបងប្អូន៥នាក់របស់អ្នកឧកញ៉ា ទ្រី ភាព ធ្លាប់ជាថ្នាក់ដឹកនាំវិស័យឯកជន គឺជាអគ្គនាយករងក្រុមហ៊ុន ទ្រី ភាព គ្រុប។ លោកទទួលបានគោរមងារជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣១៣/២៣៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣។ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ លោកត្រូវបានគណបក្សប្រជាជនកម្ពុជា ផ្តល់សេចក្តីទុកចិត្តតែងតាំងឱ្យឈរឈ្មោះជាបេក្ខជនបម្រុង លំដាប់លេខរៀងទី៩ នៅមណ្ឌលខេត្តកណ្ដាល សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ មុននឹងក្លាយជាថ្នាក់ដឹកនាំវិស័យសាធារណៈ (រដ្ឋ) នាពេលបច្ចុប្បន្ន។
សម្រាប់តួនាទីក្នុងគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្នលោកឧកញ៉ា ទ្រី ដាលុច ជាអនុប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានឃុំត្បែង៕

