អ្នកឧកញ៉ា លឹម ហេង ប្រធានស្តីទីសភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកិច្ចពិភាក្សាក្នុងការរៀបចំកិច្ចប្រជុំជាមួយនឹងប្រទេសថៃ ស្តីពី «តំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែមគ្នា (Complementary SEZ) រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបេសកកម្មពិសេស នៅវិមានសន្តិភាព។

កិច្ចប្រជុំពិភាក្សានេះក៏មានការចូលរួមផងដែរ ពីអ្នកឧកញ៉ា ហ៊ុន ឡាក់ តំណាងសមាគមឧកញ៉ាកម្ពុជា, តំណាងក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, តំណាងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, តំណាងពីតំបន់សេដ្ឋកិច្ចពិសេស រួមមាន រ៉ូយ៉ាល់គ្រុប ភ្នំពេញ SEZ, កោះកុង SEZ ព្រមទាំងតំណាងជនមកពីតំបន់សេដ្ឋកិច្ចពិសេសផ្សេងទៀតជាច្រើនរូបផងដែរ។
សម្រាប់គោលបំណងនៃកិច្ចប្រជុំនេះ គឺធ្វើឡើងយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលនឹងបង្កើតក្រុមការងារ តំណាងប្រទេសកម្ពុជា ដើម្បីជួបចរចាជាមួយនឹងប្រទេសថៃស្តីពី «តំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែមគ្នា (Complementary SEZ) រវាងប្រទេសកម្ពុជា និងប្រទេសថៃ»។

ជាលទ្ធផល កិច្ចពិភាក្សានេះ បានពិភាក្សាអំពីការចាត់តាំងសមាសភាពក្រុមការងារ និងទទួលបានធាតុចូលជាច្រើនដូចជា៖ ១)កិច្ចសម្រួលពាណិជ្ជកម្ម ២)កំណត់នឹងបានសិក្សាពីចំណុចខ្សោយនិងខ្លាំងចំពោះការទទួលខុសត្រូវលើសកម្មភាពធុរកិច្ចនិងវិនិយោគ (កម្ពុជា-ថៃ) លើវិស័យនេះ តាមតំបន់ដែលនឹងកំណត់ ផ្តល់ការលើកទឹកចិត្តជាកញ្ចប់ នឹងមានភាពងាយស្រួសរហ័ស ៣)ពិភាក្សាលើវិស័យឧស្សាហកម្មបច្ចេកវិទ្យា និង ៤)ពិនិត្យពិភាក្សាការផ្គត់ផ្គង់ចរន្តអគ្គិសនី ទឹក និងការផ្តល់ការងារធ្វើដល់ប្រជាជននៅតំបន់អទិភាពទាំងនោះ ៥)ចែករំលែកព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា។
គួររំឭកថា ក្នុងឱកាសបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសថៃ កាលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានពិភាក្សា និងផ្លាស់ប្តូយោបល់គ្នាយ៉ាងស៊ីជម្រៅ និងបានឯកភាពគ្នាលើកិច្ចការងារជាច្រើន ជាពិសេសភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងារចម្រុះ ដើម្បីសិក្សាលទ្ធភាពក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែមឱ្យគ្នា ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងភ្ជាប់ខ្សែច្រវាក់ផលិតកម្មនៃប្រទេសទាំងពីរ។

តាមការបញ្ជាក់ពី លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស ថៃជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា ដែលបានជាប់ចំណាត់ថ្នាក់លេខ៥ ជាប្រទេសដាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ បានកើនដល់ជាង ៨ពាន់លានដុល្លារនៅឆ្នាំ២០២៣។ ទន្ទឹមនេះ ជនជាតិថៃ បានមកលេងកម្សាន្តនៅកម្ពុជា មានចំនួនច្រើនជាងគេបង្អស់នៅក្នុងឆ្នាំ២០២៣ កន្លងទៅ គឺមានប្រមាណជិត ២លាននាក់៕