អ្នកឧកញ៉ា ៣រូប បន្តជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥

ជុំវិញ​ឧកញ៉ា

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពី​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ​​ម្សិលមិញនេះ បាន​ចេញ​សេចក្តីសម្រេច​ស្តីពី​ការ​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ បេក្ខជន​ជាប់ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា​ក្នុងការបោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាលទី៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គ.ជ.ប ​​បាន​សម្រេច​ទទួល​ស្គាល់​ជា​ផ្លូវការ​ បេក្ខជន​ជាប់ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា​ក្នុងការបោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាលទី៥ តាម​មណ្ឌលភូមិភាគ​ទាំង​៨ ក្នុងការបោះឆ្នោត​កាល​ថ្ងៃ​អាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សរុប​ចំនួន ៥៨រូប ក្នុង​នោះ​មាន​អ្នកឧកញ៉ា​​​ចំនួន ៣រូប ក៏​បាន​ជាប់ឆ្នោត​ផង​ដែរ​ ដែល​មាន​ដូច​ខាង​ក្រោម៖

១. អ្នកឧកញ៉ា កុក អាន ៖ លេខរៀងទី៤ ភូមិភាគទី៥ (ខេត្ត​តាកែវ ខេត្តកំពត និង​ខេត្តកែប)

២. អ្នកឧកញ៉ា លី យ៉ុងផាត់ ៖ លេខរៀងទី៤ ភូមិភាគទី៧ (ខេត្ត​កំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និង​ខេត្តព្រះសីហនុ)

៣. អ្នកឧកញ៉ា ម៉ុង ឫទ្ធី ៖ លេខរៀងទី៥ ភូមិភាគទី៧ (ខេត្ត​កំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និង​ខេត្តព្រះសីហនុ)

គួររំឭកថា​ សមាជិក​ព្រឹទ្ធសភា ​នីតិកាលទី៤ (២០១៨-២០២៤) ​សរុបមានចំនួន ៦២រូប ដោយ​មាន​សម្តេច​វិបុលសេនាភក្តី សាយ ឈុំ ជា​ប្រធាន ហើយ​ក៏​មាន​ អ្នកឧកញ៉ា កុក អាន, អ្នកឧកញ៉ា លី យ៉ុងផាត់ និងអ្នកឧកញ៉ា ម៉ុង ឫទ្ធី ជា​សមាជិក​ផង​ដែរ។ ដោយឡែក សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាលទី៥ ​សម្តេចតេជោ ហ៊ុន សែន ​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ ក៏​បាន​ឈរ​ឈ្មោះ និង​ជាប់​​ជា​បេក្ខជន​លេខ​រៀង​ទី១ ភូមិភាគទី៣ ខេត្ត​កណ្តាល និង​ជា​បេក្ខភាព​ «ប្រធាន​ព្រឹទ្ធសភា» សម្រាប់​អាណត្តិថ្មី ចាប់ពី​ឆ្នាំ២០២៤។

ការបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា ត្រូវធ្វើឡើង០៦ឆ្នាំម្តង។ ព្រឹទ្ធសភា មានចំនួនសមាជិកយ៉ាងច្រើន ស្មើនឹង​ពាក់កណ្ដាលនៃចំនួន សមាជិករដ្ឋ​សភាទាំងមូល។ សមាជិកព្រឹទ្ធសភា ចំនួន២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ, សមាជិកព្រឹទ្ធសភា ចំនួន២រូប ត្រូវបានរដ្ឋសភា ជ្រើសតាំងតាមមតិភាគច្រើនដោយ​​ប្រៀប (លោក​ ​សុខ​ ​ឥសាន​ ​និង​លោក​ ​ហេង​ ​ហា​លី​ម ទើប​ត្រូវបាន​រដ្ឋសភា​ជ្រើសតាំង​) និង​សមាជិកព្រឹទ្ធសភាឯទៀត​ចំនួន ៥៨រូប​ ត្រូវជ្រើសតាំងដោយ ការបោះ​ឆ្នោត​អសកល តាមរយៈ​សមាជិករដ្ឋសភាក្នុងតំណែង ​និងសមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ ​សង្កាត់៕