ផ្លូវឡូរីប្រវែង ១០គីឡូម៉ែត្រ រួមទាំងរូងក្រោមដី ក្នុងតំបន់អភិវឌ្ឍន៍របស់ អ្នកឧកញ៉ា ម៉ុង ឫទ្ធី គ្រោងបើកទទួលភ្ញៀវទេសចរណ៍ជិះកម្សាន្ត នៅចុងឆ្នាំ២០២៤

ជុំវិញ​ឧកញ៉ា

គម្រោងសាងសង់ផ្លូវឡូរីប្រវែង ១០គីឡូម៉ែត្រ រួមមានទាំងរូងក្រោមដី ទាំងទៅនិងមក នៅក្នុងតំបន់អភិវឌ្ឍន៍​រមណីយដ្ឋាន​កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ស្ថិតនៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ​​របស់​អ្នកឧកញ៉ា ម៉ុង ឫទ្ធី ​​​​កំពុង​តែ​ដំណើរការ​​នៃ​ការ​សាងសង់​យ៉ាង​​សកម្ម ​​និង​គ្រោង​បើក​ដំណើរការ​​​ទទួល​ភ្ញៀវទេសចរណ៍​ជាតិ និង​ភ្ញៀវទេសចរណ៍​អន្តរជាតិ ជិះ​កម្សាន្ត​លេង នៅ​ចុង​ឆ្នាំ​២០២៤ ខាង​មុខ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមទំព័រហ្វេសប៊ុក​ក្រុងច្បារមន ឱ្យ​​បង្ហាញ​រូបភាព​មួយ​ចំនួន​​នៃ​វឌ្ឍនភាព​ការស្ថាបនា​សាងសង់​ផ្លូវ​រត់​ទៅ​មក​ ឡូរី ក្នុងតំបន់​អភិវឌ្ឍន៍​រមណីយដ្ឋាន​កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ​​កាលពី​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ដោយ​ក្នុង​នោះ​ឃើញ​ថា ផ្លូវដែក​សម្រាប់​ឡូរី​រត់ គឺ​បាន​សាងសង់​ស្ទើរ​តែ​រួចរាល់ហើយ និង​នៅ​សល់​តែ​ផ្លូវ​​រូង​ក្រោមដី ដែល​កំពុង​បន្តដំណើរការ​សាងសង់។ ​​យ៉ាងណាមិញ ប្រភពពីតំបន់អភិវឌ្ឍន៍រមណីយដ្ឋានកសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ បានបង្ហើប​ឱ្យដឹងថា​​នៅចុងឆ្នាំ២០២៤ខាងមុខនេះ ផ្លូវឡូរីប្រវែង ១០គីឡូម៉ែត្រ រួមនឹងផ្លូវរូងក្រោមដីចំនួន ៦កន្លែង នឹងបើកដំណើរជូន​ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជិះលេងកម្សាន្ត​ហើយ។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី ដែលត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីក្នុងមុខជំនួញកសិ-ឧស្សាហកម្ម ធំបំផុតក្នុងប្រទេសកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប តាមរយៈទំព័រហ្វេសប៊ុក​ផ្ទាល់ខ្លួន កាលពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ​​បាន​ប្រកាស​​ពីគម្រោង​សាងសង់ផ្លូវឡូរីប្រវែង ១០.០០០ម៉ែត្រ ទាំងទៅនិងមក ដើម្បី​ចូលរួម​ចំណែកទាក់ទាញភ្ញៀវ​ទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យ​ចូលលេងកម្សាន្តនៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ឱ្យ​បានកាន់តែច្រើន។

អ្នកឧកញ៉ា ដែល​ទើប​ជាប់ឆ្នោត​បន្ត​ជា​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ​រូប​នេះ ​ធ្លាប់​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា ជា​ជំហាន​បឋម​ គម្រោង​នេះ​នឹង​បង្កើត​ឱ្យ​មាន​ឡូរី ចំនួន ៥០​គ្រឿង​សិន។ អ្នកឧកញ៉ា បន្ថែម​ទៀត​ថា ដោយសារតែការងារ​សាងសង់​ផ្លូវរត់ឡូរី ត្រូវសាងសង់ឆ្លងកាត់ជ្រោះជ្រង ជ្រលងដងអូឡើងចុះជាច្រើនកន្លែង ដូច្នេះហើយ​ទើប​ការងារ​សាងសង់នេះ​ត្រូវ​ប្រើពេល​យូរ​បន្តិច។ ទោះយ៉ាងណា ពេលចាប់ផ្តើមដំណើរការ ភ្ញៀវទេសចរណ៍​នឹង​អាចបានមកជិះឡូរី លេងកម្សាន្ត ព្រម​ទាំងបាន​គយគន់មើលទេសភាពព្រៃភ្នំ ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធជាក់ជាមិនខានឡើយ៕