អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំកិច្ចប្រជុំជាមួយនឹងប្រទេសថៃ ស្តីពី «តំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែមគ្នារវាងកម្ពុជានិងថៃ» កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំនេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានបង្ហាញអំពីសក្តានុពលនៃការវិនិយោគនៃសមាជិកសមាគមឧកញ៉ាកម្ពុជាក្នុងវិស័យជាច្រើន ក្នុងនោះក៏មានការវិនិយោគអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនេះដែរ។

លើសពីនេះ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជាបានផ្តល់នូវធាតុចូលសំខាន់ៗមួយចំនួនពាក់ព័ន្ធចំនុចប្រឈមខ្វះខាត និងផ្តល់គំនិតធ្វេីឱ្យប្រសេីរបន្ថែមដេីម្បីទាក់ទាញវិនិយោគិនចូលរួមអភិវឌ្ឍន៍ក្នុងតំបន់សេដ្ឋកិច្ចពិសេស។ អ្នកឧកញ៉ាបន្ថែមថា អ្នកឧកញ៉ាប្រធានសមាគម និងសមាជិកមួយចំនួនដែលបាននឹងកំពុងវិនិយោគអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយជ្រុំជ្រែងការងារពាក់ព័ន្ធទៅនឹង «តំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែមគ្នារវាងកម្ពុជានិងថៃ» នេះដើម្បីចូលរួមជាធាតុផ្សំមួយយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឱ្យកាន់តែប្រសេីរឡេីងបន្ថែមទៀត។
សូមជម្រាបថា កិច្ចប្រជុំពិភាក្សានេះ ក៏មានការចូលរួមពីលោក សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, តំណាងក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រនិងនវានុវត្តន៍ុ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, សមាគមឧកញ៉ាកម្ពុជា, សភាពាណិជ្ជកម្មកម្ពុជា និងតំណាងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញផងដែរ នៅវិមានសន្តិភាព៕


