តើពាណិជ្ជករចាស់វស្សា ឧកញ៉ា ខូវ គីមបាក់ កំពុងប្រកបមុខជំនួញអ្វីខ្លះ?

ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ា ខូវ គីមបាក់ ជាពាណិជ្ជករ​ចាស់​វស្សាមួយ​រូប ដែល​បាន​ចាប់ផ្តើម​​ប្រកប​មុខ​ជំនួញ​ តាំងពី​​ប្រទេសកម្ពុជា​ចប់​សង្គ្រាម​ផ្ទៃក្នុងនៅ​ទសវត្សរ៍​ឆ្នាំ១៩៩០។ បច្ចុប្បន្ន​លោកឧកញ៉ា ​​មាន​មុខ​ជំនួញ​ជា​ច្រើន​ពហុវិស័យ រួមមាន​ទាំង​ផ្នែក​អចលនទ្រព្យ សំណង់ និង​ហិរញ្ញវត្ថុ ផង​ដែរ។ ​ថ្ងៃនេះ ឧកញ៉ាញូស៍ សូមបង្ហាញ​មុខជំនួញ​ខ្លះៗ​របស់​លោកឧកញ៉ា ខូវ គីមបាក់ ​​ដូច​ខាង​ក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ខូវ គីមបាក់ គឺជា​ប្រធានក្រុមប្រឹក្សាភិបាល និងជា​អគ្គនាយកគ្រឹះស្ថាន សប្បាយ ក្រេឌីត ខមមើសល ភីអិលស៊ី (Sabay Credit Commercial Plc.)។ ​​បើ​តាម​របាយការណ៍​​​របស់​គ្រឹះស្ថានហិរញ្ញវត្ថុមួយនេះ នៅឆ្នាំ២០២០ បាន​ឱ្យ​ដឹង​ថា លោកបាន​បញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ច និង​បាន​បង្កើត​​គ្រឹះស្ថាន សប្បាយ ក្រេឌីត ខមមើសល ភីអិលស៊ី ជាក្រុមហ៊ុនមានកម្រិតក្រោមច្បាប់ និងបទប្បញ្ញត្តិនានា ដោយ​បានទទួលស្គាល់​ពី​​ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ និង​បាន​ទទួល​អាជ្ញាប័ណ្ណ​ស្របច្បាប់ ប្រកប​អាជីវកម្ម​​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពីធនាគារ​ជាតិ​នៃកម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦។

នៅឆ្នាំ១៩៨៩ រហូតមកដល់បច្ចុប្បន្នលោក​ឧកញ៉ា ជាអគ្គនាយក របស់ក្រុមហ៊ុន ម្សៅមី អាស៊ី (Asia Flour Mill Corp.) និងនៅឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៩ ជាជំនួយការសម្តេចក្រឡាហោម ស ខេង។ ចាប់ពីឆ្នាំ១៩៩៩ មក លោក​ឧកញ៉ា ធ្លាប់​ជាទីប្រឹក្សាសម្តេច ជា ស៊ីម អតីត​ប្រធានព្រឹទ្ធសភា និងជា​ទីប្រឹក្សា​សម្តេចក្រឡាហោម​ ស ខេង ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ។

បន្ថែមពីនេះ លោកឧកញ៉ា​ ក៏​ជា​ម្ចាស់បុរី ភ្នំពេញ ផាក ​ដែល​មានទីតាំងស្ថិតលើផ្លូវជាតិលេខ ៦A សង្កាត់ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានីភ្នំពេញ។ ជាមួយគ្នានេះ ឧកញ៉ា ខូវ គីមបាក់ គឺជា​នាយកប្រតិបត្តិ ជ្រោយចង្វារ ព្រែកលៀប ខនស្ត្រាក់សិន (ភ្នំពេញ ផាក) ដែលជា​សមាជិក​របស់​សមាគម​អ្នកសាងសង់កម្ពុជា។ នេះ​បើ​តាម​ការ​បង្ហាញ​ឱ្យ​ពី​សមាគម​អ្នកសាងសង់កម្ពុជា នៅ​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមជម្រាប​ផង​ដែរ​ថា លោក​ឧកញ៉ា ខូវ គីមបាក់ ជាបុគ្គល​សំខាន់មួយ​រូប​ដែល​បាន​​ជួយ​សម្តេចតេជោ ហ៊ុន សែន តាំងពី​ដំណើរការចរចា​សន្តិភាព។ ក្នុងឱកាសអញ្ជើញសំណេះ​សំណាល​ជាមួយ​កម្មករ ក្បែររោងចក្រស៊ីភី ស្រុកអង្គស្នួល ខេត្ត​កណ្តាល សម្តេច​តេជោ ហ៊ុន សែន បានបង្ហើប​ឱ្យ​ដឹង​ថា កន្លែងនេះគឺជា​របស់ ឧកញ៉ា ខូវ គីមបាក់ ដែលលោកឧកញ៉ា​ ជាអ្នកជួយ​សម្តេច​​តាំងពីដំណើរការចរចាសន្តិភាពដំបូងមកម៉្លេះ។

សម្តេចតេជោ ហ៊ុន សែន បាន​បន្ថែម​ដូច្នេះថា៖ “ថ្ងៃនេះបានមកកន្លែងលោក ខូវ គីមបាក់។ ឯណាបាក់? ដូចអត់មកទេ។ មិនស្រួលនៅស្រុកបារាំង។ នេះកន្លែងរបស់លោក ខូវ គីមបាក់។ ហ្នឹងដីរបស់គាត់។ ខូវ គីមបាក់ នេះ គឺជាអ្នកដែលជួយពូ នៅក្នុងពេលដែលពូទៅចរចាជាមួយនឹងសម្តេចព្រះករុណាបិតានៅឯប្រទេសបារាំង។ មាន ខូវ គីមបាក់ នេះមួយ ក្នុង​ចំណោមអ្នកដែលចូលរួមជួយ។ ក្រោយមកគាត់ចូលមករកស៊ីនៅស្រុកខ្មែរ គាត់ធ្វើរោងចក្រម្សៅមី។ គាត់មានដី​មានធ្លីអី​ចឹងទៅ។ ហ្នឹងជាប្រវត្តិរបស់ ខូវ គីមបាក់ ប៉ុន្តែគាត់ក៏មិនដែលមកពឹងយើងឱ្យ​អន្តរាគមន៍ធ្វើនេះធ្វើនោះទេ។ គាត់មិន​ខ្វល់​នឹងរកអន្តរាគម៍អញ្ចឹងទេ ពិតមែនតែគាត់បានជួយតាំងពីដំណើរការសន្តិភាពដំបូង”៕