ឧកញ៉ា អេង ចំរើន ទីប្រឹក្សារបស់សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ បានសហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ជូនពលរដ្ឋជួបការលំបាកខ្វះខាត ដែលជាគ្រួសារកំព្រាឪពុកម្តាយ។
តាមរយៈទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃអាទិត្យនេះ លោកឧកញ៉ា អេង ចំរើន បានបញ្ជាក់ឱ្យដឹងបន្ថែមថា បងប្អូនប្រុសស្រីពីររូប ដែលកំពុងជួបការលំបាកខ្វះខាត និងជាគ្រួសារកំព្រាឪពុកម្តាយនេះគឺ ១)ឈ្មោះ គីម ហួយ ជាបងស្រី អាយុ ២៣ឆ្នាំ និង ២)ឈ្មោះ គីម សុវណ្ណធីងថាន់ ជាប្អូនប្រុស អាយុ ២១ឆ្នាំ ដែលពិការភាព រស់នៅភូមិបត់សិមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោកឧកញ៉ា បានបញ្ជាក់ថា ចំពោះបងប្អូនកំព្រាឪពុកម្ដាយទាំងពីរនាក់នេះ ក៏ត្រូវបានទទួលអំណោយជាផ្ទះថ្មីរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
លោកឧកញ៉ា អេង ចំរើន ត្រូវបានគេមើលឃើញថា ជាថ្នាក់ដឹកនាំមួយរូបដែលតែងយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាក់ស្តែង កាលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ លោកឧកញ៉ា ក៏បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនក្រុម៨ ចំនួន៤៥នាក់ និងក្រុមគ្រូពេទ្យជនជាតិបារាំងចំនួន១២នាក់ ចុះពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន៣០០នាក់ នៅបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្ថិតនៅភូមិវាលរេញ ឃុំសំរ៉ុង ស្រុកព្រៃនប់។
សូមជម្រាបថា ឧកញ៉ា អេង ចំរើន អគ្គនាយកក្រុមហ៊ុន មង្គល គ្រុប ត្រូវបានគណបក្សប្រជាប្រជាជនកម្ពុជា ចេញសេចក្តីសម្រេចតែងតាំង ជាទីប្រឹក្សារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានបក្សប្រជាប្រជាជនកម្ពុជា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រោយទទួលបានការតែងមុខតំណែងនេះ លោកឧកញ៉ា បានប្តេជ្ញាចិត្តថានឹងខិតខំពុះពារបំពេញការងារដែលសម្តេចប្រធាន និងគណបក្សដាក់ជូនឱ្យអស់ពីកម្លាំងកាយ កម្លាំងចិត្ត សំដៅសម្រេចឱ្យបាននូវលទ្ធផលល្អ និងសមិទ្ធិផលល្អជូនជាតិមាតុភូមិកម្ពុជា៕