មានការភ្ញាក់នាព្រឹកនេះចំពោះមង្គលការដ៏ធំកូនប្រុសអ្នកឧកញ៉ា លី យ៉ុងផាត់ ដែលជាប្រធានសមាគមឧកញ៉ាកម្ពុជា។ កម្មវិធីជ័យមង្គលនេះធ្វើឡើងនៅភូមិគ្រឹះដ៏ស្កឹមស្កៃមួយកន្លែង នាមហាវិធីឈ្នះឈ្នះ ក្បែរពហុកីឡដ្ឋានជាតិមរតកតេជោ មានទីតាំងនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងកម្មវិធីដ៏វិសេសវិសាលនោះដែរ ក៏មានវត្តមានរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយសក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើ នាយករដ្ឋមន្ត្រី ផងដែរ។ អាចថានេះជាការបង្ហាញមុខដ៏កម្រ ដោយមួយរយៈចុងនេះ សម្ដេចមិនសូវលេចមុខតាមកម្មវិធីជប់លៀង ឬមង្គលការឡើយ លើកលែងតែកម្មវិធីថ្នាក់ជាតិ ឬកម្មវិធីធំដុំដែលជាអធិបតី ទើបមានវត្តមានសម្ដេច។
ក្រៅពីសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ក៏មានវត្តមានសម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, សម្តេច ទៀ បាញ់ ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម អ្នកមុខអ្នកការ មន្រ្តីរាជការជាន់ខ្ពស់ អ្នកឧកញ៉ា និងអ្នកជំនួញធំៗជាច្រើនរូប។
កូនកំលោះរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ មានឈ្មោះថា លី ភូនរ៉ាត់ និងកូនក្រមុំឈ្មោះ លីវ ប៉ឆេង ដែលជាកូនស្រីអ្នកអភិជនមួយក្នុងក្នុងរាជធានីភ្នំពេញ ហើយ លី ភូនរ៉ាត់ ក៏ទទួលបានគោរមងារជា «ឧកញ៉ា» ដែរកាលពីឆ្នាំ ២០២២ កន្លងទៅនេះ៕
រូបភាព៖ Stellar Pictures