អ្នកឧកញ៉ាគិត ម៉េង បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ចំពោះការលើកសរសើរគុណភាព បណ្តាញទូរស័ព្ទរបស់ក្រុមហ៊ុនសែលកាត។
បង្ហោះនៅលើផេកប៉ុន្មានម៉ោងមុននេះ អ្នកឧកញ៉ាបានបង្ហាញុមោទនភាពនៅពេលទទួលបានការកោតសរសើរពីប្រមុខរដ្ឋាភិបាល។
អ្នកឧកញ៉ាក៏បានបង្ហើបប្រវត្តិត្រួសៗពីក្រុមហ៊ុនសែលកាត ដែលចាប់ផ្តើមវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៩៦។
អ្នកឧកញ៉ាថ្លែងដោយមោទនភាពថា សែលកាតជាប្រតិបត្តិករក្នុងស្រុកដែលគ្រប់គ្រងដោយជនជាតិខ្មែរ ១០០%។ គោលដៅរបស់ក្រុមហ៊ុនគឺផ្តល់នូវបណ្តាញសេវាគ្របដណ្តប់ និងគុណភាពល្អបំផុតដល់ប្រជាជនកម្ពុជា។
គួរបញ្ជាក់ថា នៅព្រឹកមិញ ក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានពីកោះពេជ្រទៅកោះនរា សម្តេចតេជោ ហ៊ុន សែន បានពោលសរសើរចំពោះមុខមន្រ្តីធំៗពីសេវាទូរសព្ទរបស់ក្រុមហ៊ុនសែលកាត ដែលគ្រប់គ្រងដោយអ្នកឧកញ៉ា គិត ម៉េង។
សម្តេចលើកឡើងថា សេវាក្រុមហ៊ុនសែលកាត មានបណ្តាញគ្របដណ្តប់ និងគុណភាពល្អបំផុត មិនថាតែនៅក្នុងក្រុង នៅខេត្តឆ្ងាយៗដាច់ស្រយាល។ សម្តេចក៏លើកពីមន្រ្តីធំៗភាគច្រើន ក៏ប្រើប្រាស់សេវាក្រុមហ៊ុនទូរសព្ទមួយនេះដែរ៕