សមត្ថកិច្ចខេត្តសៀមរាប នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានធ្វើការឃាត់ខ្លួនលោកស្រីឧកញ៉ា ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន «ប្រ៊ីនលាន ស៉ីធីវើល» និងបក្ខពួកដែលពាក់ព័ន្ធនឹងបទល្មើសឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លី-ផ្ទះ និងការវិនិយោគក្នុងទំហំទឹកប្រាក់ រាប់លានដុល្លារនៅខេត្តសៀមរាប។
សេចក្តីប្រកាសរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងថា ដោយផ្អែកតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្តឹងមកអយ្យការអមសាលាដំបូងខេត្តសៀមរាបពាក់ព័ន្ធនឹងបទល្មើស ឆបោក រំលោភលើសេចក្តីទុកចិត្ត និងចេញមូលបត្រគ្មានសាច់ប្រាក់។ សាលាដំបូងខេត្តសៀមរាបបញ្ជាក់ថា ជនសង្ស័យនឹងបក្ខពួកនឹងត្រូវបញ្ជូនមកអយ្យការសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី។
សូមជម្រាបជូនថា លោកស្រី ឡេង ចាន់ណា និងបក្ខពួកត្រូវបានប្រជាពលរដ្ឋចោទថា បានបោកលុយរាប់រយលានដុល្លារក្នុងរូបភាពទិញដី ផ្ទះ និងការវិនិយោគបានការប្រាក់ខ្ពស់ តែទីបំផុតអ្នកខ្លះបានការស៊ីតែប៉ុន្មានខែ ក៏លែងបានរហូត។ ប្រជាពលរដ្ឋខ្ទង់ពាន់នាក់ បានចាញ់បោកលោកស្រីដោយខ្លះខ្ចីលុយពីធនាគារ ដើម្បីមកនិវិយោគជាមួយ ដែលរហូតពេលនេះត្រូវសងធនាគារវិញយ៉ាងលំបាក។
ជុំវិញករណីឆបោកនេះ ប្រជាពលរដ្ឋរងគ្រោះបានធ្វើការតវ៉ាជាច្រើនខែមកហើយ នៅទំបំផុត កម្លាំងនគរបាលខេត្តសៀមរាប បានអនុវត្តដីការបស់តំណាងអយ្យការ ក៏សម្រេចធ្វើការឃាត់ខ្លួនលោកស្រី និងបក្ខពួកនៅពេលរសៀលនេះតែម្តង៕