អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ សហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង គ្រុប (ING Group) បានដឹកនាំពិនិត្យកែសម្រួលប្លង់ប្រាង្គចេតិយរបស់របស់មហាសប្បុរសមង្គលសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ដែលជាឪពុករបស់ខ្លួន ដោយផ្ទាល់ដៃ ខណៈដែលប្រាង្គចេតិយនេះ ត្រូវបានរចនាបថប្លង់ដោយអ្នកជំនាញខ្មែរ និងប្រើពេលវេលាកសាងប្រកបដោយភាពផ្ចិតផ្ចង់យ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាង១ឆ្នាំ។ នេះបើតាម ING Foundation បង្ហាញឱ្យដឹង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ។

ប្រភពខាងលើ បានបញ្ជាក់ថា ប្រាង្គចេតិយដ៏ប្រណិតនេះ ត្រូវបានសាងសង់ឡើងដោយប្រើប្រាស់នូវការ៉ូម៉ាបមានប្រភពមកប្រទេសអុីតាលី ផ្ទៃខាងក្នុងចេតិយមានរូបគំនូរពុទ្ធប្រវត្តិ ចំណែកឯតួប្រាង្គចេតិយ បិទដោយសន្លឹកមាស និងប្រាក់ ភ្លឺចែងចាំង ប្រកបដោយសោភ័ណភាពដ៏លេចធ្លោ។ ព័ទ្ធជុំវិញខាងក្រោមជើងប្រាង្គចេតិយ មានក្រាលកំរ៉ាលថ្មក្រានីត និងចុងខឿនក្រានីតមានដាក់ចង្អូរទឹកក្រាលទម្រដែកក្រាស់មិនច្រេះ (Stainless Steel) និងដាក់ត្បូងលម្អ នាំចូលពីប្រទេសអាហ្រ្វិក អមដោយមាសស្រួយ មានបង្កប់ភ្លើងបំភ្លឺ LED និងគ្របដោយគម្របកញ្ចក់កម្រាស់ ២០ ម.ម ដ៏រឹងមាំដើម្បីការពារ។

ការរៀបចំដ៏ល្អិតល្អន់ ល្អឥតខ្ចោះ ប្រកបដោយភាពអស្ចារ្យយ៉ាងប្រណិតបំផុតនៃប្រាង្គចេតិយនេះ បានសបញ្ជាក់នូវទឹកចិត្តស្រលាញ់ដ៏ជ្រាលជ្រៅ និងធំធេងរបស់ក្រុមគ្រួសារចំពោះ មហាសប្បុរសមង្គលសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ដែលលោកបានបន្សល់ទុកនូវស្លាកស្នាមអនុស្សាវរីយ៍ដ៏គួរឱ្យចងចាំ និងយកគំរូតាម សម្រាប់មនុស្សជំនាន់ក្រោយ ពិសេសក្នុងចំណោមសាច់សារលោហិត តរៀងទៅ។
នៅរសៀលថ្ងៃទី១២ ខែមីនានេះ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ចាយ គង់ បុត្រាបុត្រី ចៅ និងចៅទួត ក៏បានរៀបចំពិធីរាប់បាត្រព្រះសង្ឃ ៩៧អង្គ នៃពិធីបុណ្យឆ្លងប្រាង្គចេតិយ ដើម្បីឧទ្ទិសដល់ មហាកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ មហាសប្បុរសមង្គលសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ផងដែរ។














គួររំឭកថា អគ្គមហាឧបាសក លឹម ឈុន បានទទួលមរណភាព នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២ នៅវេលាម៉ោង៣៖០៦នាទីទៀបភ្លឺ ក្នុងជន្មាយុ ៩៧ វស្សា។ លោក លឹម ឈុន និងភរិយា លោកស្រី ចាយ គង់ មានកូនចំនួន ៧នាក់ (ស្រី ១នាក់) រួមមាន លោក អ៊ឹង ប៊ុនហូរ (មរណភាពសម័យ ប៉ុល ពត), លោកស្រី អ៊ឹង ម៉េងហួរ, អ្នកឧកញ៉ា លឹម រស់, ឧកញ៉ា លឹម ប៊ុនសួរ, អ្នកឧកញ៉ា អ៊ឹង ប៊ុនហូវ, ឧកញ៉ា លឹម ប៊ុនហាក់ និង ឧកញ៉ា លឹម ប៊ុនហៀក៕