អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា ការបញ្ចប់គោរមងារឧកញ៉ា ដោយយោងតាមស្មារតីព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ាថ្មី ដែលត្រូវឆ្លងកាត់ដល់៩ស្ថាប័នពាក់ព័ន្ធ គឺមិនមានការពិបាកនោះទេ ប៉ុន្តែចំពោះការស្នើសុំគោរមងារថ្មី ទើបអាចនឹងលំបាក។
អ្នកឧកញ៉ា បានថ្លែងប្រាប់ ឧកញ៉ា ញូស៍ នៅព្រលប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ថាគណៈកម្មការអន្តរក្រសួងពិនិត្យនិងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា ដែលសរសេរអក្សរកាត់ថា «គ.ព.វ.គ.» មានរហូតដល់ ៩ស្ថាប័នពាក់ព័ន្ធនេះ គឺពិនិត្យនិងវាយតម្លៃទៅលើសំណើសុំគោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា។ អ្នកឧកញ៉ា បន្តថា ការផ្តល់គោរមងារឧកញ៉ាកន្លងមក មិនទាន់មានភាពច្បាស់លាស់ ដូច្នេះយើងមាន គ.ព.វ.គ. នេះ ដើម្បីវាយតម្លៃឱ្យបានច្បាស់លាស់ ដល់អ្នកដែលអាចផ្តល់គោរមងារបាន ប្រកបដោយប្រសិទ្ធភាព និងគុណធម៌ ឬអ្នកដែលមានស្នាដៃក្នុងសង្គម ទាំងនយោបាយ និងសេដ្ឋកិច្ចជាតិរបស់យើង រួមទាំងបច្ចេកវិទ្យាទៀត។
«ដូច្នេះសម្រាប់ការបញ្ចប់គោរមងារ ដូចជាមិនមានអ្វីពិបាកនោះទេ ព្រោះការដាក់ឆ្លងគណៈកម្មការអន្តរក្រសួងទាំង ៩ស្ថាប័ន គឺងាយស្រួលទេ ព្រោះយើងដឹងថាកំហុសដែលបុគ្គលធ្វើខុស ត្រូវតែមានសក្ខីកម្មណាមួយ។ ឧទាហរណ៍ដូចជា មានសាលក្រមពីតុលាការ ឬជាប់ឈ្មោះជាពិរុទ្ធជន។ ដូច្នេះការបញ្ចប់គោរមងារមិនមានការលំបាកទេ ប៉ុន្តែបើការស្នើសុំគោរមងារថ្មី ប្រហែលជាមានការលំបាក ដើម្បីឆ្លងកាត់ ៩ស្ថាប័នពាក់ព័ន្ធនេះ»។ អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់បន្ថែម។
កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខាចេញ «ព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា» ថ្មី ខណៈដែលព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ត្រូវទុកជានិរាករណ៍។
ព្រះរាជក្រឹត្យស្តីពីឧកញ៉ាថ្មីនេះ នៅត្រង់ជំពូកទី២ បានចែងអំពីស្ថាប័នមានសមត្ថកិច្ច ក្នុងនោះ មាត្រា៤ បានចែងថា ត្រូវបានបង្កើតគណៈកម្មការអន្តរក្រសួងពិនិត្យនិងវាយតម្លៃលើសំណើសុំគោរមងារនិងការបញ្ចប់គោរមងារឧកញ៉ា មានសមត្ថកិច្ចពិនិត្យ វាយតម្លៃ និងលើកយោបល់ជូននាយករដ្ឋមន្ត្រីលើសំណើសុំផ្តល់និងបញ្ចប់គោរមងារឧកញ៉ា។ គ.ព.វ.គ. មានសមាសភាពមកពីក្រសួងស្ថាប័នចំនួន ៩ ជាសមាជិក និងលេខាធិការ ដោយមានរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជាប្រធាន៕