សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្សព្វផ្សាយថ្មីៗតាមបណ្តាញសង្គមមួយចំនួនពាក់ព័ន្ធនឹង ឧកញ៉ានៅកម្ពុជា។
តាមខ្លឹមសារលិខិត សមាគមឧកញ៉ាកម្ពុជា បានសង្កេតនិងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការផ្សព្វផ្សាយព័ត៌មានរបស់បុគ្គល ឬអង្គភាពមួយចំនួននៅតាមបណ្តាញទំនាក់ទំនងសង្គមដូចជា ហ្វេសប៊ុក និងតិកតុកជាដើម ពាក់ព័ន្ធនឹងរឿងរ៉ាវរបស់គោរមវន្តដែលមានងារជា ឧកញ៉ា។ ក្រោយពីបានពិនិត្យទៅលើបរិបទ និងខ្លឹមសារទាំងនោះ សមាគមឧកញ៉ាកម្ពុជា បានកត់សម្គាល់ឃើញថាការផ្សព្វផ្សាយទាំងនោះហាក់មានភាពទូលំទូលាយពេកដោយមិនផ្តោតចំពោះគោរមវន្តរូបណាមួយ ដែលនាំឱ្យមានការវាយប្រហារឬយល់ច្រឡំខុស និងធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូ ព្រមទាំងកិត្តិយសគោរមវន្តផ្សេងទៀតដែលមិនបានជាប់ពាក់ព័ន្ធនៅក្នុងរឿងរ៉ាវទាំងនោះទាល់តែសោះ។
ដូច្នេះ សមាគមឧកញ៉ាកម្ពុជា សូមស្នើដល់បុគ្គល ឬអង្គភាពព័ត៌មានធ្វើការផ្សព្វផ្សាយដោយចំពោះបុគ្គលដែលប្រព្រឹត្តខុស និងពុំគួរភ្ជាប់សាច់រឿងអាស្រូវទាំងនោះជាមួយនឹងគោរមងារឧកញ៉ាទូទៅឡើយ ពីព្រោះមានឧកញ៉ាច្រើនលើសលុបគឺជាអ្នកដែលបានខិតខំថែរក្សាការពារសេចក្តីថ្លៃថ្នូរបស់គោរមវន្ត ចូលរួមជួយដល់កិច្ចការមនុស្សធម៌ និងរួមចំណែកលើកកម្ពស់ពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចជាតិរួមជាមួយរាជរដ្ឋាភិបាលយ៉ាងសស្រាក់សស្រាំ តាំងតែពីដើមរៀងមក៕