មួយរយៈនេះដោយសារឃើញអ្នកជំនួញដែលមានងារជា «ឧកញ៉ា» មួយចំនួន មានបញ្ហាច្រើន ធ្វើឲ្យមហាជនរិះគន់ប៉ះពាល់ដល់គោរមងារថ្លៃថ្លាដែលប្រទានដោយព្រះមហាក្សត្រមួយនេះផដែរ។
ដូចនេះហើយលោកបណ្ឌិត គិន ភា ដែលជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានចេញមុខមកបកស្រាយថា៖ «ឧកញ៉ា» ជាគោរមងារដ៏ខ្ពង់ខ្ពស់ឧត្ដុង្គឧត្ដមបំផុតក្នុងប្រទេសរាជានិយមដូចកម្ពុជា ព្រោះជាគោរមងារដែលជាព្រះរាជទានរបស់ព្រះមហាក្សត្រចំពោះបុគ្គលទាំងឡាយណា ដែលមានស្នាដៃ និងកសាងសមិទ្ធផលដ៏ធំធេង ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ និង ប្រជាជន។ ដូច្នេះ គោរមវន្តដែលទទួលបានការប្រទាននេះ ត្រូវតែជាបុគ្គលខ្ពង់ខ្ពស់ ថ្លៃថ្នូរ ប្រកបដោយកិត្តិយស សីលធម៌ គុណធម៌ និងសុចរិតក្នុងមុខជំនួញ។

ចំពោះការដកហូតងារ «ឧកញ៉ា» វិញនោះ លោកបណ្ឌិតរូបនេះបានបញ្ជាក់ថា ការដកហូតងារ «ឧកញ៉ា» ពីបុគ្គលទុច្ចរិត ខ្វះភាពស្មោះត្រង់ក្នុងមុខជំនួញ ឆបោករាស្ត្រ ភូតកុហករដ្ឋ បំផ្លាញធនធានធម្មជាតិ កេងប្រវ័ញ្ចទ្រព្យសម្បត្តិរដ្ឋ និងគ្មានសីលធម៌ និងគុណធម៌, គឺជារឿងដ៏ត្រឹមត្រូវបំផុត ដែលមិនត្រឹមតែជួយការពារកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់គោរមវន្ត ដែលជាឧកញ៉ាល្អៗ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការកសាងសមិទ្ធផលធំៗ ដើម្បីផលប្រយោជន៍សាធារណៈ និងបានលះបង់ទ្រព្យធនផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនប៉ុណ្ណោះទេ តែថែមទាំងអាចជួយលុបបំបាត់ក្រុមជនទុច្ចរិតឆបោកពលរដ្ឋជាប្រព័ន្ធ បំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងធនធានធម្មជាតិទៀតផង។ ពលរដ្ឋពិតជាសាទរនឹងចំណាត់ការបែបនេះរបស់រាជរដ្ឋាភិបាល ដែលមិនត្រឹមតែលើកសំណើថ្វាយព្រះមហាក្សត្រ ស្នើសុំដកហូតងារ «ឧកញ៉ា» ពីជនទុច្ចរិតទាំងនោះប៉ុណ្ណោះទេ តែត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យតឹងរ៉ឹងបំផុត និងដល់ឫសគល់ដោយគ្មានការលើកលែង ដើម្បីឱ្យជនដែលកំពុងប្រព្រឹត្តរឿងដូចគ្នា ឬកំពុងរៀបចំផែនការប្រព្រឹត្តរឿងដូចគ្នា ខ្លាចរអា មិនហ៊ានប្រព្រឹត្តតទៅទៀត។
លោកបានបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចត្រូវតែធ្វើការនេះដោយតម្លាភាព យុត្តិធម៌ និងការទទួលខុសត្រូវខ្ពស់ ជាពិសេស ត្រូវតែស្រាវជ្រាវរបាយការណ៍ហិរញ្ញវត្ថុ ចរន្តសាច់ប្រាក់ និងទ្រព្យសម្បត្តិផ្សេងៗរបស់ជនទុច្ចរិតទាំងនោះឱ្យបានច្បាស់លាស់បំផុត និងត្រូវតែរឹបអូសតាមនីតិវិធីច្បាប់ ដើម្បីយកមកសងប្រជាពលរដ្ឋវិញ។ ពេលនេះជាពេលវេលាដ៏សមស្របបំផុត ដែលរាជរដ្ឋាភិបាលត្រូវតែវាយមួយព្រមាន ១០០ មិនអាចបណ្ដែតបណ្ដោយឱ្យរឿងបែបនេះកើតឡើងដដែលៗ រហូតក្លាយជាជំងឺមហារីកសង្គមនោះទេ៕