មន្ទីរពេទ្យ តេជោសែនកោះធំ ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ មន្ទីរពេទ្យថ្មីនេះ បានចំណាយថ្លៃសាងសង់អស់ប្រមាណ ១០លានដុល្លារ ហើយក្នុងនោះក៏មានទាំងថវិកាចូលរួមឧបត្ថម្ភពីសប្បុរសជននានា។
តាមបញ្ជីរាយនាមសប្បុរសជន ដែលឧកញ៉ាញូស៍ទទួលបាន អ្នកឧកញ៉ា ឧកញ៉ា ដែលបានចូលរួមឧបត្ថម្ភថវិកាសម្រាប់សាងសង់មន្ទីរពេទ្យ តេជោសែនកោះធំ មានដូចជា៖ អ្នកឧកញ៉ា លាង ឃុន ៥៥០ ០០០ដុល្លារ, អ្នកឧកញ៉ា ទ្រី ភាព ៥០០ ០០០ដុល្លារ, លោកស្រីអ្នកឧកញ៉ា ជឹង សុភាព ៤០០ ០០០ដុល្លារ, អ្នកឧកញ៉ា លី យ៉ុងផាត់ ២០០ ០០០ដុល្លារ, អ្នកឧកញ៉ា សៀ ឬទ្ធី ២៥ ០០០ដុល្លារ, ឧកញ៉ា ប៉ាង ណាំ ៥៧៨ ៣០២ដុល្លារ, ឧកញ៉ា វិញ ហួរ ១០០ ០០០ដុល្លារ, ឧកញ៉ា ទី ពិសិដ្ឋ ៥០ ០០០ដុល្លារ, ឧកញ៉ា ឡាវ កាំង ៥០ ០០០ដុល្លារ, ឧកញ៉ា គឹម ឆន ៥០ ០០០ដុល្លារ, ឧកញ៉ា ទ្រី ដាលុច ១០ ០០០ដុល្លារ និងលោកស្រីឧកញ៉ា ចាន់ សុទ្ធា ២ ០០០ដុល្លារ។ ក្រៅពីអ្នកឧកញ៉ា ឧកញ៉ាខាងលើ ក៏មានការចូលរួមឧបត្ថម្ភពីក្រុមហ៊ុនឯកជន និងថ្នាក់ដឹកនាំ រួមទាំងមន្ត្រីរាជការ តាមក្រសួងស្ថាប័ន និងមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
មន្ទីរពេទ្យតេជោសែនកោះធំនេះ សាងសង់ឡើងដោយថវិកា បានមកពីការចូលរួមវិភាគទានរបស់សប្បុរសជនក្នុងស្រុកទាំងអស់ ដោយរួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ។ មន្ទីរពេទ្យតេជោសែនកោះធំ ត្រូវបានបើកការដ្ឋានសាងសង់ឡើង កាលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ នៅលើផ្ទៃដីទំហំ ១,៤៧ ហិកតា មានទីតាំងនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកោះធំ តាមបណ្តោយផ្លូវជាតិលេខ២១។ អាគារមន្ទីរពេទ្យមានទំហំសរុប ១៣.០០០ម៉ែត្រក្រឡា មាន១៥០គ្រែ បំពាក់ដោយឧបករណ៍សម្ភារបរិក្ខារបច្ចេកទេសទំនើបៗ កម្រិតស្តង់ដាថ្នាក់ជាតិ ដើម្បីបម្រើឱ្យការព្យាបាល។
ថ្លែងក្នុងកម្មវិធីសម្ពោធ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មន្ទីរពេទ្យតេជោសែន កោះធំ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ និយាយដោយឡែក ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលមានតម្រូវការសុខាភិបាល និយាយជារួមផងដែរ៕