សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយ សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី បានរៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ «សក្តានុពលទេសចរណ៍ និងស្ថានភាពពាណិជ្ជកម្មនៅខេត្តកំពង់ចាម» នៅសណ្ឋាគារ អិលប៊ីអិន អេស៊ាន (LBN ASIAN HOTEL) របស់ឧកញ៉ា លីម ប៊ុណ្ណា នៅក្រុងកំពង់ចាម កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។
កម្មវិធីដែលគាំទ្រពី សហគ្រិនខ្មែរ នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ម៉ៅ កកឃីន អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី តំណាង ឧកញ៉ា ហ៊ួត ឈឿន ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី, ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលបន្ទុកកិច្ចការពង្រឹងសភាពាណិជ្ជកម្មខេត្ត និង លោកបណ្ឌិត តាន់ មុន្នីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជា ស្ថាបនិកផ្សារវីនសូ ក្រុមហ៊ុន ឌីហ្រ្គេន រៀលធី ឯ.ក និង ក្រុមហ៊ុន អិលអេហ្វប៊ី ត្រេឌីង ឯ.ក រួមទាំងវាគ្មិនកិត្តិយសមួយចំនួនទៀត។
តាមការបញ្ជាក់ពីសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កម្មវិធីនេះមានម្ចាស់អាជីវកម្មអញ្ជើញចូលរួមចំនួន ៦០នាក់ ក្នុងគោលបំណងដើម្បីទទួលបានបទពិសោធន៍ជាជំនួយស្មារតីបន្ថែម យកទៅកែលម្អអាជីវកម្មរបស់ខ្លួន។ ជាពិសេសម្ចាស់អាជីវកម្ម មានឱកាសក្នុងការរៀនសូត្របន្ថែមពីបទពិសោធន៍ថ្មីៗរួមទាំងបញ្ហា និងដំណោះស្រាយល្អៗ ពីវាគ្មិនកិត្តិយស ដើម្បីយកមកដឹកនាំអាជីវកម្មរបស់ខ្លួនទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។
សូមជម្រាបថា សណ្ឋាគារ អិលប៊ីអិន អេស៊ាន ជាបុត្រសម្ព័ន្ធមួយនៃ អិលប៊ីអិន គ្រុប របស់ឧកញ៉ា លីម ប៊ុណ្ណា ដែលមានក្រុមហ៊ុននិងអាជីវកម្មជាច្រើនទៀតដូចជា៖ តាំក្រះធើយកម្ពុជា, ចម្ការតាខ្នា, រមណីយដ្ឋានអិលប៊ិអិន កែងគោល-ស្ទោង, លីម ប៊ុណ្ណា ផែស្ងួត, ប៊ីអេចអិល អង្គរ អ៊ីមផត-អិចផត, ការដ្ឋានកិនថ្ម លីម ប៊ុណ្ណា, អិលប៊ិអិន អង្ករកម្ពុជា, អិលប៊ីអិន អ៊ីនធើធេនមេន, អិលប៊ីអិន ក្លឹបបាល់ទាត់, ស្ថានីយប្រេងឥន្ធនៈ លីម ប៊ុណ្ណា (ប្រធាតុ), ប៊ីអេចអិល បេតុងលាយស្រេច, បុរី លីម ប៊ុណ្ណា, ចំណតរថយន្តច្រកទ្វារអន្តរជាតិត្រពាំងផ្លុង, គម្រោងអភិវឌ្ឍដីឡូត៍លំនៅឋាន, សហគ្រាស អិលប៊ីអិន អេហ្គ្រីខលឈ័រ, អេស៊ានស្ប៉ាខេធីវី និង ឌឹរីវើ ស្កាយបារ៕