ប្រជាពលរដ្ឋខ្មែរដែលចូលរួមអភិវឌ្ឍន៍ និងកសាងជាតិ ត្រូវបានរាជរដ្ឋាភិបាលស្នើព្រះមហាក្សត្រផ្តល់គោរមងារ«ឧកញ៉ា អ្នកឧកញ៉ា» មានចំនួនកើនឡើងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចំនួនរូបវន្តបុគ្គលទទួលបានគោរមងារឧកញ៉ាដ៏ច្រើននេះ ក៏មានបុគ្គលមានចំនួនបានបង្ករឿងអាសូវធ្វើឲ្យប៉ពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររូបវន្តបុគ្គលដទៃដែលមានងារ«ឧកញ៉ា»។
ឧកញ៉ានៅកម្ពុជាបានកើនឡើងដល់១២៩៩នាក់គិតត្រឹមខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ក្នុងនោះមានអ្នកឧកញ៉ាជិត៦០រូប និងលោកអ្នកឧកញ៉ាមួយរូប។ រដ្ឋាភិបាលកម្ពុជាចាត់ទុកថា ក្រុមឧកញ៉ាទាំងនេះ បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការកសាងសេដ្ឋកិច្ចជាតិ។
យ៉ាងណាក៏មានបុគ្គលមានងារឧកញ៉ាចំនួន២រូបហើយដែលត្រូវបានដកហូតបញ្ចប់គោរមងារឧកញ៉ាបន្ទាប់ពីពួកគេបង្កើតរឿងអាសូវក្នុងក្រុមគ្រួសារមុខជំនួញ និងប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរបស់បុគ្គលមានងារឧកញ៉ា។ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារឧកញ៉ា ពីឧកញ៉ាចំនួន២រូប គឺឧកញ៉ា ឌួង ឆាយ និងឧកញ៉ា ឡេង ចាន់ណា។

យោងតាមព្រះរាជក្រឹត្យព្រះមហាក្សត្រ ដែលមានចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភ្តី សាយ ឈុំ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានត្រាស់បង្គាប់បញ្ចប់គោរមងារ «ឧកញ៉ា» ពីលោក ឌួង ឆាយ ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
ការដកហូតងារឧកញ៉ាក្រោយពីអតីតភរិយារបស់លោកបង្ហោះវីដេអូដែលស្វាមីខ្លួនប្រើហិង្សាទៅលើរូបនាងនាពេលកន្លងមក។ ដើមចមដែលនាំឱ្យរូបលោកប្រើអំពើហិង្សាលើអតីតភរិយាដោយសារតែរឿងជម្លោះផ្ទៃក្នុងគ្រួសារ។

ថ្មីៗនេះ ក្រោយសាលាដំបូងខេត្តសៀមរាបចោទប្រកាន់៣បទល្មើសទាក់ទងទៅនឹងការឆបោក ចេញសែកគ្មានសាច់ប្រាក់ និងការសម្អាតប្រាក់មកលើលោកស្រីឧកញ៉ា ឡេង ចាន់ណា ត្រូវបានដកងារឧកញ៉ា។ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤នេះ ប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចុះហត្ថលេខាលើព្រះរាជក្រឹត្យបញ្ចប់គោរមងារ «ឧកញ៉ា» ពីឧកញ៉ា ឡេង ចាន់ណា។
ការដកហូតគោរម្យងារឧកញ៉ាពីឧកញ៉ា ឡេង ចាន់ណា ធ្វើឡើងដោយយោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕