លោកឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ (CYEA) នៅថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងាជាមួយ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសមាគម ដែលបានអញ្ជើញចូលជួបសម្តែងការគួរសម។ កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅប្រកបដោយបរិយាកាសវិជ្ជមាន ផ្តោតលើស្ថានភាពវិនិយោគនៅកម្ពុជានាពេលបច្ចុប្បន្ន។ លោក ជា វុទ្ធី បានចែករំលែកចំណុចសំខាន់ៗស្តីពី ច្បាប់ស្តីពីវិនិយោគ ដែលទើបតែអនុម័តកាលពីឆ្នាំ២០២១កន្លងទៅនេះ។

លោកអគ្គលេខាធិការ ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការជំរុញបរិយាកាសអំណោយផលសម្រាប់វិនិយោគិនក្នុងស្រុក និងបរទេស។ អនុសាសន៍របស់អគ្គលេខាធិការបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព សក្ដានុពលនៃតំបន់សេដ្ឋកិច្ចពិសេស និងតម្រូវការនៃភាពជាដៃគូសាធារណៈ និងឯកជនដ៏រឹងមាំផងដែរ។
លោកឧកញ៉ា ហុង ឆេងឈុន បានថ្លែងអំណរគុណចំពោះអនុសាសន៍ដ៏មានតម្លៃរបស់លោកអគ្គលេខាធិការ និងបានរំលឹកឡើងវិញនូវការយកចិត្តទុកដាក់របស់ សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ ក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា។ សមាគមនៅតែប្តេជ្ញាក្នុងការចូលរួមកៀរគរអ្នកវិនិយោគមកកម្ពុជា និងសន្យាថានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល ដើម្បីអនុវត្តយុទ្ធសាស្ត្រដែលបានណែនាំ ដើម្បីលើកកម្ពស់ប្រទេសកម្ពុជាជាគោលដៅវិនិយោគចម្បងនៅក្នុងតំបន់ផងដែរ។
ជាកិច្ចបញ្ចប់ជំនួបសំណេះសំណាលការងារនេះ លោក ជា វុទ្ធី អគ្គលេខាធិការក្រុមប្រឹក្សាវិនិយោគកម្ពុជា និងអគ្គលេខាធិការរងក្រុមប្រឹក្សាវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះចក្ខុវិស័យ និងសកម្មភាពចូលរួមចំណែកកៀរគរអ្នកវិនិយោគ មកវិនិយោគនៅកម្ពុជា តាមរយៈសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ (CYEA)៕



