ក្នុងនាមជាអ្នកឧបត្ថម្ភធំទាំងស្រុង និងជាអ្នកជួយជ្រោមជ្រែងគ្រប់រូបភាព ពីភេសជ្ជៈប៉ូវកម្លាំង វើក ដល់កីឡាករប្រដាល់ជើងខ្លាំងគុនខ្មែរ រហស្សនាម «នាគរាជខ្មៅ» ឈឿង ល្វៃ និងស្ថាប័នពាក់ព័ន្ធ កាលពីថ្ងៃទី១៥ ខែមីនា ថ្មីៗនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស របស់អ្នកឧកញ៉ា លាង ម៉េង បានរៀបចំកម្មវិធីស្និសីទសារព័ត៌មានផ្លូវការ “WURKZ ឈឿង ល្វៃ I-1 WORLD CHAMPION GOLD BELT “ នៅរោងចក្រ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសផ្ទាល់តែម្ដង។
កម្មវិធីសន្និសីទដ៏ពិសេស និងឱឡារឹកនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងអបអរសមិទ្ធផល និងកំណត់ត្រាកីឡាករប្រដាល់ខ្មែរដណ្ដើមបានខ្សែក្រវាត់ពិភពលោកដ៏អស្ចារ្យ ជូនជាតិមាតុភូមិ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងប្រជាជនកម្ពុជា។ បន្ថែមពីនេះ ថ្នាក់ដឹកនាំ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏ចង់បញ្ជាក់ ដល់បងប្អូនជនរួមជាតិ ជាពិសេសកីឡាករប្រដាល់គុនខ្មែរដទៃទៀត ដែលកំពុងប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ និងមានគោលដៅដណ្ដើមខ្សែក្រវាត់អន្តរជាតិ ឬមេដាយកម្រិតអន្តរជាតិ ឱ្យបានជ្រាបថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កំពុងចូលរួមឧបត្ថម្ភយ៉ាងពេញទំហឹង និងប្ដូរផ្ដាច់នាំយកកីឡាករប្រដាល់គុនខ្មែរណាក៏ដោយឱ្យតែមានសមត្ថភាព ទៅដណ្ដើមយកមេដាយ និងខ្សែក្រវាត់លំដាប់ពិភពលោកជូនជាតិមាតុភូមិជាមួយគ្នាឱ្យទាល់តែបាន។
អ្នកឧកញ៉ា លាង ម៉េង ថ្នាក់ដឹកនាំកំពូល របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏តែងតែប្រកាសជារឿយៗថា ក្នុងនាមជាក្រុមហ៊ុន ដែលវិនិយោគដោយសហគ្រិនខ្មែរ និងជាក្រុមហ៊ុនឈរជើងនៅកម្ពុជាអស់រយៈពេល ជាង ១៤ឆ្នាំ មកហើយ ការឧបត្ថម្ភធំផ្ដាច់មុខក្នុងព្រឹត្តិការណ៍កីឡាជាតិធំៗ ក្នុងប្រទេសកម្ពុជា។ ជាពិសេស ខ្មែរ ប៊ែវើរីជីស តែងតែធ្វើការយ៉ាងជិតស្និតជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាផ្សេង ដើម្បីរៀបចំបង្កើតព្រឹត្តិការណ៍កីឡានានា ប្រមូលផ្ដុំ និងបណ្ដុះកីឡាករខ្មែរឱ្យកាន់តែមានសមត្ថភាពកាន់តែខ្លាំងៗ ដើម្បីត្រៀមឡើងសង្វៀនអន្តរជាតិ ដណ្ដើមមេដាយ ឬខ្សែក្រវាត់លំដាប់ពិភពលោកជូនជាតិ។ ដូចទៅនឹង ម៉ាកយីហោរបស់ ខ្មែរ ប៊ែវើរីជីស ដែលជានិមិត្តសញ្ញាអាជីវកម្ម ប្រឹងប្រែងកសាងឡើងដោយ ស្នាដៃសហគ្រិនខ្មែរ ដាក់ឈ្មោះហៅជាភាសាខ្មែរ លះបង់ និងវិនិយោគគ្រប់បែបយ៉ាង ដើម្បីកសាងភាពល្បីល្បាញផលិតផលម៉ាកយីហោខ្មែរ ឱ្យបរទេសបានស្គាល់កាន់តែសុះសាយ នាពេលបច្ចុប្បន្ន ដូច្នេះដែរ។
តាមរយៈការខិតខំ ប្រឹងប្រែងគ្រប់បែបយ៉ាងដូច្នេះហើយ ទើបមកដល់ពេលនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ហ៊ាននិយាយទាំងភាពជឿជាក់ និងមោទនភាពថា ទាំងគុណភាព និងស្តង់ដារផលិត នៃផលិតផលគ្រប់ប្រភេទចេញពីរោងចក្រ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាស្តង់ដារភេសជ្ជៈ ទទួលស្គាល់គុណភាពកម្រិតថ្នាក់ពិភពលោករួមមាន៖ ពានរង្វាន់គ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោក (World Class Operation Management), ISO ធំៗចំនួនពីរ បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព និងបរិស្ថាន។ ជាពិសេស ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានបំបែកកំណត់ត្រា ទទួលបានមេដាយមាសច្រើនជាងគេបំផុតសរុប ចំនួន ៣៣គ្រឿង ពី Monde Selection ដូចខ្សែក្រវាត់អន្តរជាតិ 1 WORLD CHAMPION GOLD BELT ដែល «នាគរាជខ្មៅ» ឈឿង ល្វៃ ទើបទទួលបានអុីចឹង។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោក ធី សុកល អ្នកគ្រប់គ្រងផ្នែកផលិតកម្ម ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងកម្មវិធីសន្និសីទ្ធសារព័ត៌មាន “WURKZ ឈឿង ល្វៃ I-1 WORLD CHAMPION GOLD BELT“ ។
គួរបញ្ជាក់ថា កីឡាករ ឈឿង ល្វៃ រហស្សនាម «នាគរាជខ្មៅ» បាន បង្កើតនូវ កំណត់ ត្រា ថ្មី មួយ ដែល មិន ទាន់មាន កីឡាករ កម្ពុជា រូបណា ធ្វើបាន គឺ ការ ដណ្តើម បានខ្សែ ក្រវាត់ពិភពលោកទម្ងន់ ៧២ គីឡូក្រាម ពី ព្រឹត្តិការណ៍ I-1 WORLD CHAMPION GOLD BELT តាម រយៈ ការ ផ្តួល កីឡាករ ថៃ Fahsang ឱ្យ សន្លប់យ៉ាង ងាយ ក្នុង វគ្គ ជម្រុះ និងបន្ត ឈ្នះ អ្នក ប្រដាល់ អាល្លឺម៉ង់ Elsee Kochiese នៅ វគ្គ ផ្តាច់ព្រ័ត្រ នៅទីក្រុង ហុងកុង កាលពី យប់ ថ្ងៃ ១២ ខែ មីនា ។ លទ្ធផលដ៏ត្រចះត្រចង់ គួរជាទីមោទនៈជូនជាតិមាតុភូមិនេះ បានជំរុញឱ្យ ម្ចាស់ឧបត្ថម្ភធំ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស របស់អ្នកឧកញ៉ា លាង ម៉េង ប្ដេជ្ញាថា នឹងបន្តគាំទ្រឧបត្ថម្ភដល់កីឡាករប្រដាល់គុនខ្មែរ ទាំងអស់ ដើម្បីមុខមាត់ប្រទេសកម្ពុជា លើឆាកអន្តរជាតិ៕