សមាគមឧកញ៉ាកម្ពុជា បញ្ជាក់ ៥ចំណុចដើម្បីបញ្ចប់គោរមងារ«ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ បានបានចេញមកបញ្ជាក់ពីបញ្ញត្តិបញ្ចប់គោរមងារឧកញ៉ា ពីគោរមវន្តដោយយោងតាមព្រះរាជក្រឹត្យដែលអនុម័តឲ្យប្រើប្រាស់កាលពីពេលកន្លងទៅ បន្ទាប់ពីប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្រេចបញ្ចប់គោរមងារ«ឧកញ៉ា» ពីលោកស្រីឧកញ៉ា ឡេង ចាន់ណា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន សមាគមឧកញ៉ាកម្ពុជា បានលើកឡើងថា យោងតាមមាត្រា១៩ នៃព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ាបានបញ្ញត្តិពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងភាពជាតំណាងគោរមវន្តទាំងអស់នៅកម្ពុជា និងភាពជាដៃគូរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ សមាគមឧកញ៉ាកម្ពុជា ក៏ជាសមាជិកគណៈកម្មការអន្តរក្រសួងពិនិត្យនិងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា (គ.ព.វ.គ) ដែលគណៈកម្មការនេះនឹងត្រូវរៀបចំអនុក្រឹត្យស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំ និងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា ផងដែរ។

សមាគមឧកញ៉ាកម្ពុជា លើកឡើងបន្តថា យោងតាមមាត្រា២២ នៃព្រះរាជក្រឹត្យដដែលបានបញ្ញត្តិថា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និង ឧកញ៉ា ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់កម្ពុជា ប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ប្រកបមុខរបរស្របច្បាប់ និងចៀសវាងសកម្មភាពណាដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា។ 

ជាមួយគ្នានោះដែរមាត្រា២៣ បានបញ្ញត្តិ ពីការបញ្ចប់គោរមងារឧកញ៉ា ដែលស្ថិតក្នុងករណីណាមួយដូចខាងក្រោម៖ 

  • គោរមវន្តសុំលាលែងពីគោរមងារឧកញ៉ាដោយស្ម័គ្រចិត្ត
  • គោរមវន្តមិនបំពេញកាតព្វកិច្ចបង់វិភាគទានប្រចាំឆ្នាំរយៈពេល៣(បី)ឆ្នាំជាប់គ្នា ដោយគ្មានមូលហេតុ
  • គោរមវន្តត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ
  • ត្រូវបានរកឃើញថាគោរមវន្តបានប្រព្រឹត្តល្មើសនឹងមាត្រា២២ នៃព្រះរាជក្រឹត្យខាងលើ
  • ត្រូវបានរកឃើញថាសំណុំឯកសារស្នើសុំគោរមងារឧកញ៉ារបស់គោរមវន្តមានការក្លែងបន្លំ

សូមជម្រាបជូនថា ការចេញមកបញ្ជាក់របស់សមាគមឧកញ៉ាកម្ពុជា ធ្វើឡើងបន្ទាប់ពីថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រដើម្បីបញ្ចប់គោរមងារឧកញ៉ា ពីឧកញ៉ា ឡេង ចាន់ណា បន្ទាប់ពីលោកស្រីត្រូវបានតុលាការខេត្តសៀមរាបចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌចំនួន ៣ គឺទី១. បទឆបោកមានស្ថានទម្ងន់ទោស ២. បទមិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរបាន ៣. បទសម្អាតប្រាក់។

លោកស្រី ឡេង ចាន់ណា និងបក្សពួក២នាក់ផ្សេងទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃអង្គារពាក់ព័ន្ធករណីឆបោកលុយរាប់លានដុល្លារពីប្រជាពលរដ្ឋជុំវិញការដាក់ទុនវិនិយោគជាមួយក្រុមហ៊ុន ប្រ៊ីលាន វើល ស្ថិតនៅខេត្តសៀមរាប៕