អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាងអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំអ្នកឧកញ៉ា និងឧកញ៉ាចំនួន ១២រូបទៀត ជាថ្នាក់ដឹកនាំ និងសមាជិកសមាគមឧកញ៉ាកម្ពុជា អញ្ជើញចូលរួមពិធីបើកជាផ្លូវការបុណ្យទន្លេលើកទី៨ នៅទឹកដីខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បុណ្យទន្លេលើកទី៨ មានរយៈពេល២ថ្ងៃ នៅថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ បានធ្វើឡើងក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” និងការប្រកាសបើកយុទ្ធនាការ “ទស្សនាសៀមរាបឆ្នាំ២០២៤”។ គោលបំណងនៃពិធីបុណ្យទន្លេ គឺដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងនោះ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ និងការងារអភិវឌ្ឍទេសចរណ៍សហគមន៍។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានកំណត់យកខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ដែលមានលក្ខណៈពហុវិស័យ ក្នុងចំណោមប៉ូលទាំង៥ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចទៅក្នុងសៀមរាប និងខេត្តដទៃទៀត ជាពិសេស វិស័យទេសចរណ៍ តាមរយៈការទាក់ទាញពីសក្តានុពលពីខេត្តសៀមរាប តភ្ជាប់ទៅកាន់សក្តានុពល និងគោលដៅទេសចរណ៍សំខាន់ៗដទៃទូទាំងប្រទេស ដែលតម្រូវឱ្យដាក់ចេញនូវវិធានការណ៍ពិសេស និងគន្លឹះក្នុងការទាក់ទាញក្នុងឆ្នាំ២០២៤ សម្រាប់កម្ពុជា ដោយកម្ពុជាបានដាក់ចេញនូវយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤”។

សូមជម្រាបថា បុណ្យទន្លេ មានតួនាទីយ៉ាងសំខាន់ ដើម្បីបំផុសចលនាមហាជនឱ្យចូលរួមក្នុងការអភិរក្ស និងអភិវឌ្ឍន៍ធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធសាស្រ្តពិពិធកម្មទេសចរណ៍ឱ្យកាន់តែសំបូរបែប ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត៕

