នៅថ្ងៃខួបអាពាហ៍ពិពាហ៍ ២៦ឆ្នាំ របស់ឧកញ៉ា ឡាវ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន NVC Corporation ដែលមហាជនស្គាល់ច្បាស់ថាជាម្ចាស់ក្រុមហ៊ុនទឹកបរិសុទ្ធ វីតាល់ និងលោកស្រីអ្នកឧកញ៉ា ជឹង សុគន្ធាវី ត្បិតថាមិនមានការរៀបចំធំដុំ តែលោកឧកញ៉ា បានរៀបចំបាច់ផ្កា និងនំខេកអបអរថ្ងៃដ៏វិសេសវិសាលនេះ ពោរពេញទៅដោយក្ដីសុខ។
ឧកញ៉ា ឡាវ វ៉ាន់ បានរៀបរាប់អំពីចំណង់ស្នេហ៍រយៈពេលជាង ២០ឆ្នាំមកនេះថា «រូបភាពពីព្រឹកមិញ ម៉ោង ៥ ទៀបភ្លឺ ជាមួយម្ចាស់ចិត្ត អាពាហ៍ពិពាហ៍នេះ ពិតជាលើសពីពាក់កណ្តាលនៃជីវិតបងហើយ វាមានន័យថា អូនបានក្លាយជាចំណែកនៃអ្វីដែលបងពុំអាចខ្វះបាន។ អរគុណម្ចាស់បេះដូងល្អរបស់បង ដែលតែងនៅក្បែរបងគ្រប់ពេលវេលា គ្រប់ទីកន្លែង តាំងពីសក់ខ្មៅ ដល់សក់ស ហើយស្ទើរតែចង់អស់សក់ក៏ថាបាន។ រីករាយខួបអាពាហ៍ពិពាហ៍គម្រប់២៦ឆ្នាំរបស់យើង»។
សម្រាប់ការរៀបចំវិញ ឃើញមានតែសមាជិកក្នុងគ្រួសារប៉ុណ្ណោះចូលរួម ព្រមទាំងពាក្យពេចន៍ជូនពរជាច្រើនដល់ម្ចាស់ក្រុមហ៊ុនទឹកបរិសុទ្ធដ៏ល្បីប្រចាំប្រទេសរូបនេះ។
ក្រៅពីមមាញឹកមុខជំនួញឧកញ៉ា ឡាវ វ៉ាន់ ក៏ជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងជាគណៈពង្រឹងក្នុងមូលដ្ឋានខេត្តកណ្ដាលម្នាក់ផងដែរ៕