អ្នកឧកញ៉ា វិញ ហួរ ម្ចាស់តំបន់សេដ្ឋកិច្ចពិសេសកំពត និងជាអភិបាលក្រុមហ៊ុនកំពតផត (KAMPOT PORT Co., Ltd.) គ្រោងនឹងបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែអន្តរជាតិកំពត» នៅត្រីមាសទី២ ឆ្នាំ២០២៤នេះ។ បើតាមការឱ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។

គម្រោងសម្ពោធកំពង់ផែអន្តរជាតិកំពត ត្រូវបានពិភាក្សាឡើងក្នុងកិច្ចប្រជុំមួយរវាង លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូ ក្រុមហ៊ុនកំពតផត (KAMPOT PORT Co., Ltd.) ដឹកនាំដោយ អ្នកឧកញ៉ា វិញ ហួរ ដោយមានការចូលរួមផងដែរពី ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធមួយចំនួនផ្សេងទៀត នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។


អង្គប្រជុំបានជជែកពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ពាក់ព័ន្ធនឹងគម្រោងប្រតិបត្តិការកំពង់ផែអន្តរជាតិកំពត របស់ក្រុមហ៊ុនកំពតផត ដែលគ្រោងនឹងប្រារព្ធពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ខាងមុខ។ ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា វិញ ហួរ បានគោរពស្នើសុំអនុសាសន៍ និងការគាំទ្រពីថ្នាក់ដឹកនាំក្រសួង សំដៅឱ្យការរៀបចំគម្រោងប្រតិបត្តិការកំពង់ផែ អាចប្រព្រឹត្តទៅបានដោយរលូន ស្របតាមនីតិវិធី និងបទដ្ឋានគតិយុត្តដែលបានកំណត់។
គួរបញ្ជាក់ថា កំពង់ផែអន្តរជាតិកំពត មានទីតាំងស្ថិតក្នុងសង្កាត់បឹងទូក និងសង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត គឺជាកំពង់ផែមួយមានជម្រៅទឹករហូតដល់ ១៣ម៉ែត្រ សម្រាប់ដឹកជញ្ជូនទំនិញតាមកប៉ាល់ធំៗ។ អ្នកឧកញ៉ា វិញ ហួរ បានចុះកិច្ចសន្យាសហការសាងសង់ជាមួយក្រុមហ៊ុនចិន CRCC harbor & Channel Engineering Bureau Group Co.,Ltd ហើយបានបើកការដ្ឋានបូមស្តារឃ្លងនាវាចេញ-ចូល ចាប់តាំងពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨៕

