អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខា អូតែល បានប្រើប្រាស់ផ្ទៃដីសរុបប្រមាណជាង ៩០ហិកតា សម្រាប់គម្រោងសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រទាំងមូល នៅលើខ្នងភ្នំបូកគោ ដែលរួមមានទាំងការកសាងព្រះពុទ្ធប្បដិមាដ៏ធំស្កឹមស្កៃ និងព្រះពុទ្ធប្បដិមាអង្គតូចចំនួន ៨៤,០០០អង្គ។

តាមការបញ្ជាក់ពីក្រុមហ៊ុន សុខា អូតែល បានឱ្យដឹងថា នៅក្នុងគម្រោងទាំងមូល គឺមានផ្ទៃដីសរុបរហូតដល់ទៅ ៩១,៧ហិកតា ហើយនឹងមានគម្រោងបង្កើតនូវឧទ្យានផ្សេងៗជាច្រើន ដែលក្នុងឧទ្យាននីមួយៗសុទ្ធសឹងតែមានដំណែលរឿងទាក់ទងទៅនឹងព្រះពុទ្ធសាសនា និងពុទ្ធប្រវត្តិ។

បន្ថែមពីនេះ នៅលើផ្ទៃដីដ៏ធំ ក្រៅពីទេសភាពដែលអំណោយផលពីធម្មជាតិនៃឧទ្យានជាតិមុនីវង្យបូកគោ ក៏នឹងមានការដាំរុក្ខជាតិបន្ថែមជាច្រើនទៀតដើម្បីបង្កើនសោភ័ណភាព និងភាពទាក់ទាញកាន់តែខ្លាំង មានដូចជា៖ ដើមសាគូរ៉ាពណ៍ឈូក, ដើមសាគូរ៉ាពណ៍ឈូកស្រាល, ដើមសាគូរ៉ាពណ៍ស, ដើមសាគូរ៉ាពណ៍លឿង, ដើមស្រល់, ដើមឬស្សី, ដើមពោធិ៍, ដើមសាលព្រឹក្ស រួមជាមួយនឹងព្រៃធម្មជាតិផងដែរ។
គម្រោងសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ស្ថិតនៅក្នុងឧទ្យានជាតិព្រះមនុវង្ស «បូកគោ» ខេត្តកំពត ត្រូវបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាព លោក ជា សុផារ៉ា កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។ អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខា អូតែល ធ្លាប់បានបញ្ជាក់ថា ព្រះពុទ្ធបដិមានេះ នឹងចំណាយរយៈពេលសាងសង់ ៤ឆ្នាំ និងចំណាយប្រាក់ចន្លោះពី ៣០លានដុល្លារ ទៅ៤០លានដុល្លារអាមេរិក៕



