កាលពីប៉ុន្មានថ្ងៃមុនមានមង្គលការកូនប្រុសរបស់អ្នកឧកញ៉ា លី យូគៀក ហើយកម្មវិធីនោះមានទាំងអ្នកជំនួញ និងមន្ត្រីរាជការអ្នកមុខអ្នកការចូលរួមយ៉ាងច្រើន។

សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍កូនប្រុសអ្នកឧកញ៉ា លី យូគៀក និងលោកជំទាវ ជា សោភ័ណ្ឌ រៀបចំកម្មវិធី និងជប់លៀងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC។ កូនកំលោះរបស់អ្នកឧកញ៉ា លី យូគៀក នាម លី តិចស័រ និងកូនក្រមុំឈ្មោះ មុន្នី ហ្គិចណា ជាកូនស្រីលោក ណុប រ័ត្ននិមល ជំនួយការសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ហ៊ីង សុខលាភ។
កម្មវិធីទាំងមូលទាក់ទាញការចាប់អារម្មណ៍បំផុតនោះ គឺការដេគ័រផ្កាពេញ Hall រីកស្គុះស្គាយគ្រប់កន្លុកកន្លៀត។
បើតាមអ្នកដែលទៅចូលរួមកម្មវិធីដ៏អធិកអធមនោះបានបញ្ជាក់ថាមង្គលការដែលរៀបចំកាលពីថ្ងៃ ១៨ ចំណាយប្រាក់ប្រមាណកន្លះលានដុល្លារ គ្រាន់តែការតុបតែងផ្កាភ្ញីតាំងពីមុខរោងរហូតដល់ខាងក្នុង។
ចំណុចពិសេសដែលធ្វើឲ្យការចំណាយលើការតុបតែងផ្កាអស់រាប់សែនដុល្លារនេះ ព្រោះត្រូវរៀបចំបែបសួនច្បារ និងរៀបមានរូបសត្វហង្ស ក្ងោក មេអំបៅ ក្ងាន ចាប និងសត្វជាច្រើនប្រភេទទៀត។ ប្រភេទផ្កាកូឡា ហើយពណ៌ផ្កាដែលប្រើច្រើនបំផុតគឺក្រហម ស្វាយ ផ្កាឈូកចាស់ និងលឿងជាដើម ហើយមិនមែនរៀបតែចំហៀងឡើយតាំងពីលើ និងរៀបកន្លែងកាត់នំធំខ្លាំង។
មួយចំណុចបន្ថែមទៀត គឺក្នុងរោងការពោរពេញដោយក្លិនក្រអូបរបស់ផ្ការាប់លានទងបែបនេះ ហើយអ្នកចូលរួមសុទ្ធតែសរសើរថា រោងការរៀបចំសមឋានៈម្ចាស់កម្មវិធីតែម្ដង៕












រូបភាព៖ The Ring