ថ្ងៃនេះជាគម្រប់ខួប ៩ ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍របស់អ្នកឧកញ៉ា គិត ម៉េង និងអ្នកឧកញ៉ា ម៉ៅ ចំណាន។
នាឱកាសដ៏មានអត្ថន័យនោះប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដូចជា ក្រុមហ៊ុនសេវាទូរស័ព្ទចល័ត Cellcard, ក្រុមហ៊ុន សេវាអ៊ីនធឺណិត Ezecom, ធនាគារ វីង (ខេមបូឌា) ម.ក, ស្ថានីយទូរទស្សន៍ CTN, ក្រុមហ៊ុនធានារ៉ាប់រង អ៊ិនហ្វីនីធី និងក្រុមហ៊ុនធំៗជាច្រើនផ្សេងទៀត បានពោលភាសាស្នេហាជ្រាលជ្រៅជូនទៅដល់ភរិយាបណ្ដូលចិត្តលោកយ៉ាងផ្អែមល្ហែមជាទីបំផុត។
មិនត្រឹមតែប៉ុណ្ណោះក៏មានការរៀបចំកម្មវិធីនៅ Royal Group ដោយមានបុគ្គលិកជាន់ខ្ពស់ច្រើនរូបរបស់ក្រុមហ៊ុនចូលរួមផងដែរ។ នៅពេលអ្នកឧកញ៉ា គិតម៉េង កាន់ដៃអ្នកឧកញ៉ា ម៉ៅ ចំណាន ទៅតុដើម្បីកាត់នំខេក អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានថើបថ្ពាល់ឧកញ៉ា គិត ម៉េង ហើយអ្នកឧកញ៉ាទាំងទ្វេបានឱបគ្នាបញ្ជាក់ពីក្ដីស្រលាញ់ធំធេងដែលមានចំពោះគ្នាទៅវិញទៅមក ក្រោមសម្រែកអបអរសាទរពីបុគ្គលិកនៅទីនោះផ្ទាល់។
គួរបញ្ជាក់ថា បើទោះជាមិនមែនជាថ្ងៃខួបអាពាហ៍ពិពាហ៍ ក៏អ្នកឧកញ៉ា គិត ម៉េង ដែលជាមហាសេដ្ឋីលំដាប់ស្រុកខ្មែររូបនេះ តែងតែបង្ហាញរូបភាពដ៏មានសុភមង្គល និងសារជូនពរផ្អែមល្ហែមលើបណ្ដាញសង្គមលោកជានិច្ច ហើយជារឿយៗនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប តែងតែសរសើរ អ្នកឧកញ៉ា ម៉ៅ ចំណាន ថាជាម្ដាយ និងភរិយាល្អបំផុត។
ពេលឃើញការរ៉ាយរ៉ាប់ពីទំហំស្នេហ៍ជ្រាលជ្រៅនៃអ្នកទាំង ២ អ្នកគាំទ្រ ពិតជាលួចសរសើរការខិតខំប្រឹងប្រែងថែរក្សាគ្រួសារ និងមុខជំនួញបានល្អដូចគ្នា៕