អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមនឹងថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាលសមាកម បានទទួលស្វាគមន៍លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងសហការី កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ដើម្បីពិភាក្សាអំពីការរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង ស្ថិតនៅស្នាក់ការសមាគមឧកញ៉ាកម្ពុជា ក្នុងសណ្ឋាគារភ្នំពេញ។

ក្នុងជំនួបនោះអ្នកឧកញ៉ា លី យ៉ុងផាត់ បានថ្លែងស្វាគមន៍លោកអគ្គរដ្ឋទូត ព្រមទាំងសហការី ក្នុងជំនួបដ៏មានសារៈសំខាន់ដើម្បីពិភាក្សាលម្អិតលើរបៀបវារៈដែលបានស្នើឡើង ជាពិសេសកិច្ចសហការក្នុងការរៀបចំវេទិកាកម្ពុជា-បារាំង នាពេលខាងមុខនេះ។
ជាមួយគ្នានេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា ក៏បានធ្វើបទបង្ហាញសង្ខេបអំពីប្រវត្តិសមាគម តួនាទី និងភារកិច្ចស្នូលសំខាន់ៗនៃសមាគមឧកញ៉ាកម្ពុជា ជូនដល់អគ្គរដ្ឋទូត និងសហការីដើម្បីជ្រាបអំពីសមាគម ព្រមទាំងបានផ្តល់វេទិកាជូនដល់អង្គប្រជុំទាំងមូលដើម្បីពិភាក្សា និងផ្តល់ធាតុចូលឱ្យបានស៊ីជម្រៅទៅតាមរបៀបវារៈនីមួយៗ។

ជាការឆ្លើយតប លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានថ្លែងកោតសរសើរ អ្នកឧកញ៉ា លី យ៉ុងផាត់ និង ថ្នាក់ដឹកនាំ ដែលបានរៀបចំឱ្យមានជំនួបដ៏សំខាន់នៅថ្ងៃនេះ ជាពិសេស លោកបានបង្ហាញពីសុទិដ្ឋិនិយម ក្នុងកិច្ចសហការគ្នារវាងសមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មបារាំងប្រចាំនៅកម្ពុជា ដើម្បីរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង តាមរយៈការជួយគាំទ្រពីស្ថានទូតផ្ទាល់ និងចាប់ផ្តើមការងារបន្ទាប់ពីកិច្ចប្រជុំតទៅ។
បើតាមសមាគមឧកញ៉ាកម្ពុជា ជំនួបទ្វេភាគីនេះបានជជែកពិភាក្សា និងផ្តល់ធាតុចូលលើខ្លឹមសារនៃរបៀបវារៈទាំងនោះយ៉ាងផុសផុល ប្រកបដោយឆន្ទៈមោះមុតជាពិសេសភាគីទាំងសងខាងបានលើក និងទទួលយកនូវសំណើ ទាំងអស់ដើម្បីធ្វើយ៉ាងណាជំរុញឱ្យកិច្ចប្រជុំនៅថ្ងៃនេះទទួលបានលទ្ធផលផ្លែផ្កា និងបង្កើតឱ្យមានយន្តការក្រុមការងារ សម្រាប់រៀបចំកិច្ចការបន្ត៕











