ក្នុងចំណោមភ្ញៀវទេសចរជាតិអន្តរជាតិជាច្រើនដែលទៅទស្សនាព្រឹត្តិការណ៍សមរាត្រី នៅប្រាសាទអង្គរវត្ត នៅថ្ងៃសុក្រទី ២២ ខែមីនា ក៏មានឧកញ៉ា ខេមរៈ សិរីមន្ត និងជាកំពូលតារាចម្រៀងប្រចាំប្រទេស បាននាំភរិយាទៅគយគន់ព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត។
ឧកញ៉ា សិរីមន្ត ក៏មិនខុសពីភ្ញៀវទេសចរដទៃឡើយពេលបានឃើញ ទស្សនីយភាពថ្ងៃរះចំកំពូល ប្រាសាទអង្គរវត្ត ដែលជារឿងកម្រមួយក្នុងលោក។ វីដេអូរយៈពេល ២០ វិនាទីដែលម្ចាស់បទ “Call Me PaPa” បានបង្ហាញស្នាមញញឹមយ៉ាងស្រស់រួមជាមួយភរិយា ព្រមជាមួយសម្រែកដោយក្ដីរំភើប ពេលឃើញព្រឹត្តិការណ៍សមរាត្រីនោះ។
ត្បិតមិនបាននិយាយអ្វី តែទឹកមុខអាចបង្ហាញពីក្ដីរំភើបពេលឧកញ៉ា និងលោកស្រី ឃើញព្រឹត្តិការណ៍នោះពិតៗតែម្ដង។ «ព្រឹត្តិការណ៍សមរាត្រី នៅប្រាសាទអង្គរវត្ត» បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនឲ្យមកទស្សនាទស្សនីយភាពដ៏អស្ចារ្យ កម្រឃើញផ្ទាល់ភ្នែកណាស់។
បើតាមរបាយការណ៍ដែលចេញដោយអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា កាលពីទី២១ ខែមីនា មានភ្ញៀវទេសចរជាង ១ ម៉ឺននាក់ បានមកទស្សនាព្រឹត្តការណ៍ថ្ងៃរះចំកំពូលកណ្តាល ប្រាសាទអង្គរវត្ត។
ព្រឹត្តិការណ៍សមរាត្រី ( Equinox ) ដ៏អស្ចារ្យ ដែលព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត រៀងរាល់ឆ្នាំព្រឹត្តិការណ៍សមរាត្រី តែងតែកើតមាន ២ដង គឺនៅចន្លោះថ្ងៃទី២០-២២ ខែមីនា និងចន្លោះថ្ងៃទី២១-២៣ ខែ កញ្ញា៕