ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC បានដឹកនាំ និងរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩” ដល់សមាជិក សមាជិការបស់ FASMEC នៅខេត្តព្រះវិហារ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៤។

ក្នុងសិក្ខាសាលានេះ ក៏មានការចូលរួមដោយលោក មុត ភិសិទ្ធនា អភិបាលរង ខេត្តព្រះវិហារ ព្រមទាំងដៃគូសហការឧបត្ថម្ភនានា មានដូចជា សមាគមមូលនិធិសម្តេចតេជោ, សហគ្រិនខ្មែរ,ធនាគារវីង ម.ក ព្រមទាំងដៃគូសហការផ្សេងៗទៀត ដោយមានSMEចូលរួមចំនួន ២០០នាក់ផងដែរ។

គោលបំណងនៃកម្មវិធីសិក្ខាសាលាខាងលើ គឺដើម្បីចែករំលែកអំពីខ្សែសង្វាក់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងជួយបំពេញបន្ថែមនូវចំណេះដឹងដែលម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងខេត្តនៅមានចំណុចខ្វះខាត។
គួររម្លឹកថា កន្លងមកសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) តែងតែរៀបចំកម្មវិធីសិក្ខាសាលាស្តីពី «ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩» នៅបណ្តាខេត្តមួយចំនួន ដើម្បីជាការចែករំលែកខ្សែសង្វាក់ទីផ្សារក្នុងការនាំចេញ និងចែករំលែកចំណេះដឹងដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម៕







