អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ តំណាងអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំសមាជិកសមាគមឧកញ៉ាកម្ពុជាចំនួន១៤រូប ចូលរួមក្នុងពិធីបើកសម្ពោធជាផ្លូវការនៃ «ពិព័រណ៌គ្រឿងអលង្ការ និងត្បូងកម្ពុជា-អន្តរជាតិ លើកទី១៥ ឆ្នាំ២០២៤» ក្រោមអធិបតីភាពតំណាងថ្នាក់ដឹកនាំនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងកិច្ចការនារី និងក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។

តាមសមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងថា ពិព័រណ៌នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបន្តពង្រឹង និងជំរុញការអភិវឌ្ឍវិស័យគ្រឿងអលង្ការឱ្យមានការរីកចម្រើនព្រមទាំងចូលរួមផ្សព្វផ្សាយត្បូងមានតម្លៃកម្ពុជាទៅកាន់ពិភពលោកដោយមានការចូលរួមការដាក់តាំងបង្ហាញគ្រឿងអលង្ការ និងត្បូងមានតម្លៃជាច្រើនប្រភេទពីបណ្ដាពាណិជ្ជករ អាជីវករ និងក្រុមហ៊ុនគ្រឿងអលង្ការជាតិ និងអន្តរជាតិជាដើម។
សូមជម្រាបផងដែរថា ពិព័រណ៍នេះត្រូវបានរៀបចំឡើងដោយសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជារយៈពេលចំនួន០៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ ២៥ ខែមីនា ឆ្នាំ២០២៤ អគារ A, B និង C នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្ររាជធានីភ្នំពេញ៕





