តើអ្នកឧកញ៉ា ឧកញ៉ារូបណាខ្លះ អញ្ជើញចូលរួមពិធីបើក «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នៅព្រឹកនេះ?

ជុំវិញ​ឧកញ៉ា

នាព្រឹក​ថ្ងៃ​​​អាទិត្យ​ ទី២៤ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ​បាន​អញ្ជើញ​បើក «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២ ​​ដែល​រៀបចំឡើងនៅមជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះពេជ្រ ​​ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ និង​​ភ្ញៀវ​កិត្តិយស​ជា​ច្រើន រួមទាំង​ អ្នកឧកញ៉ា ឧកញ៉ា មួយ​ចំនួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

«ទិវា​ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២ ​​ដែល​រៀបចំ​ឡើង​ដោយ​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ​ក្រោម​ប្រធានបទ «សហ​គ្រាស​ធុន​តូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍» គេ​ឃើញ​មាន​វត្តមាន​ អ្នកឧកញ៉ា សៀ ឫទ្ធី ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប (World Bridge Group) និង​ជា​អនុប្រធាន​សមាគមឧកញ៉ាកម្ពុជា, អ្នកឧកញ៉ា លី ហួរ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន លី ហួរ គ្រុប និង​ជា​អនុប្រធាន​សមាគមឧកញ៉ាកម្ពុជា, លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិ​សម្តេចតេជោ និងជាប្រធាន FASMEC ផងដែរ។

បើតាមលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា «ទិវា​ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២ មាន​រយៈ​ពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៦ ខែមីនា មានគោលបំណង​សំខាន់​ចំនួន ៤ រួមមាន៖ ទី១) បណ្តុះ​ស្មារតី​ស្រឡាញ់ និងការស្វែង​យល់​អំពី​វិទ្យាសាស្ត្រ តាមរយៈការពិសោធន៍ដោយផ្ទាល់, ទី២) ជំរុញកិច្ចសហប្រតិបត្តិការរបស់​តួអង្គពាក់​ព័ន្ធ​ក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ ដើម្បីចាប់យកសក្ដានុពល នៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ទី៣) បំផុសឱ្យមានការយល់ដឹងស៊ីជម្រៅអំពីតួនាទីរបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុង​ចំណោម​តួអង្គធ្វើ​គោល​នយោបាយ សិក្សាស្រាវជ្រាវ និងវិស័យឯកជន និងទី៤) បញ្ជ្រាបវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដើម្បីជំរុញ​ផលិត​ភាព និងវឌ្ឍនភាពដល់សហគ្រាសធុនតូចនិងមធ្យម។

ថ្លែងក្នុងពិធីបើក សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ជាខឿន​សម្រាប់​អភិវឌ្ឍសេដ្ឋកិច្ចសង្គម ឌីជីថល ដោយបានដាក់បញ្ចូលបច្ចេកវិទ្យាឈានមុខទាំងឡាយ ក្នុងប្រព័ន្ធខ្សែច្រវាក់ផលិតកម្ម និងសេវាកម្មសាធារណៈផ្សេងៗ ដើម្បីបង្កើនផលិតភាពស្របតាមឧត្តមានុវត្តអន្តរជាតិ ដែលជាកត្តា​សត្យានុម័ត​មិនអាច​ខ្វះបាន។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បាន​​​​លើកឡើង​បន្ថែម​ទៀត​ថា ព្រឹត្តិការណ៍ថ្ងៃនេះ​ជាសក្ខីកម្មបង្ហាញ​អំពីសក្តានុពល​នៃវិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញ និងលើកទឹកចិត្ត ឱ្យសហគ្រាសធុនតូច និងមធ្យម តម្រង់ឆ្ពោះ និងចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ធ្វើជាសសរស្តម្ភ និង​ជាក្បាលម៉ាស៊ីន ក្នុងការកសាង និង អភិវឌ្ឍសហគ្រាសនានា ដើម្បីសម្រេចបានប្រព័ន្ធអេកូឡូស៊ីជាតិមួយ ប្រកបដោយ​នវានុវត្តន៍៕