លោក ខេមរៈ ភារុណ និងឧកញ៉ា ខេមរៈ សិរីមន្ត បានចាប់ដៃគ្នាក្នុងវិស័យសិល្បៈ មកដល់ពេលនេះជាង ២០ឆ្នាំ ហើយបានកសាងសមិទ្ធផលជាច្រើនផងដែរ។ ព្រោះតែឃើញការរីកលូតលាស់របស់ប្អូនប្រុសបានល្អ និងជាទីគាប់ ចិត្តកវីនិពន្ធ ខេមរៈ ភារុណ បានពោលសរសើរម្ចាស់បទ “ឆ្នាំនឹងសប្បាយខ្លាំង ” ថាជាមនុស្សកម្រទាំងទេពកោសល្យ និងកម្លាំងកាយចិត្តគឺសឹងតែគ្មាននរណាដូច។
ក្នុងជំនួបជាមួយអ្នកសារព័ត៌មាន កាលពីប៉ុន្មានថ្ងៃមុនលោក ខេមរៈ ភារុណ បានលើកឡើងរឿងជាច្រើនពេល ចាប់ដៃគ្នាជាមួយ ឧកញ៉ា សិរីមន្ត ហើយក្នុងចំណោមរឿងទាំងនោះលោកបានពោលសរសើរប្អូនប្រុសឡើងជា ឧកញ៉ានោះថា ជាបុរសខ្លាំងពូកែ។ រំលឹកដល់រឿងមួយកាលចេញខនសឺតដំបូងត្រូវចេញទៅតាមផ្លូវឆ្ងាយហើយ ពិបាកមនុស្សគ្រប់គ្នាពុលឡានតែឧកញ៉ា សិរីមន្ត នៅធម្មតាសឹងតែពេលខ្លះចុះទៅសម្ដែងតែម្ដងក៏មាន។ កាល គ្រានោះតារាចម្រៀងនិង មានងារជា ឧកញ៉ារូបនោះ នៅតែអាចច្រៀង សម្ដែង បានដូចធម្មតាមើលទៅទាំង កម្លាំងកាយ និងកម្លាំងចិត្តនៅមានពេញមិនស្រកស្រុតឡើយ។ ដែលនេះកម្រមានអ្នកអាចធ្វើបានដូចណាស់។
កវីនិពន្ធដែលទើបទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ (ថ្នាក់អនុបណ្ឌិត) ជំនាញរដ្ឋបាលសាធារណៈ ពីសាកលវិទ្យាល័យ ជាតិគ្រប់គ្រង បានបញ្ជាក់ថា ឧកញ៉ា ខេមរៈ សិរីមន្ត ជាតារាចម្រៀងមានចំណុចល្អខ្លាំងរាប់មិនអស់។ លោកលើកឡើងជាក់ស្ដែងថា ប្អូនប្រុសជាឧកញ៉ារូបនេះអាចច្រៀងបទកន្ទ្រឹម, មនោសញ្ចេតនា, ញាក់កន្ត្រាក់ អារម្មណ៍, ហ៊ីបហប,រ៉េបបានទាំងអស់ទាំងគុណភាពទឹកដមសំឡេង កាយវិការ ការសម្ដែង គឺល្អគ្រប់យ៉ាង។ និយាយជារួមគឺ បានស្ទើរតែគ្រប់ទម្រង់នៃវិស័យចម្រៀង។
ឆ្លើយតបជាមួយ សំណួរអ្នកសារព័ត៌មានថា «តើឧកញ៉ាខេមរៈ សិរីមន្ត មានភាពUnique អ្វីជាពិសេសដែលអាច ឈរលើកំពូលបានដូច្នេះ»? លោក ភារុណ បានបង្ហាញច្បាស់ៗតែម្ដងថាការដែលឧកញ៉ា សិរីមន្ត អាចឈានមកដល់ចំណុចកំពូលនិងរក្សាប្រជាប្រិយភាពបែបនេះបានមកពីការខិតខំប្រឹងប្រែង ការស្រលាញ់ដាក់ចិត្តដាក់បេះដូង ធ្វើ ជាពិសេសគឺភាពឆ្លាតវៃតែម្ដង។ មិនអស់ត្រឹមនេះឡើយក្រៅពីស្រលាញ់ហើយ ឧកញ៉ា សិរីមន្ត ក៏ប្រឹងប្រែងហ្វឹកហាត់មិនឈប់ឈរថែមទៀត។ លោកបានបន្ថែមចំណុចមួយទៀតថា ឧកញ៉ា សិរីមន្ត ជាមនុស្សមានឆន្ទៈខ្ពស់ ហើយចេះបត់បែនតាមទំនោរតាមកាលៈទេសៈនៃអ្នកស្ដាប់។
មិនតែប៉ុណ្ណោះ លោក ខេមរៈ ភារុណ បានរៀបរាប់ប្រាប់ថា ឧកញ៉ា សិរីមន្ត ជាបងប្អូនល្អ កម្ររកបាន ព្រោះមិន ត្រឹមផ្ដល់ការងារធ្វើរហូត បានប្រាក់បៀវត្សរ៍ឡើយគឺអ្វីៗគ្រប់យ៉ាង។ លោកបន្តថា ទឹកចិត្តជាប្អូនរបស់ម្ចាស់បទ “Call Me PaPa” ពិតជាល្អប្រពៃទាំងចំពោះឪពុកម្ដាយ បងប្អូន ដែលមានការលំបាកដូចជា កាលលោកទៅបន្តការ សិក្សានៅប្រទេសថៃ ឧកញ៉ា សិរីមន្ត បានផ្គត់ផ្គង់អ្នកមានគុណមិនខ្លាចនឿយហត់ អ្វីទាំងអស់ទាំងដែលសាមី ខ្លួន ក៏មានប្រពន្ធកូនដែរ។
និយាយដល់ទឹកចិត្ត លោក ឧកញ៉ា សិរីមន្ត ធ្វើឲ្យកវីនិពន្ធ ខេមរៈ ភារុណ ស្ទើររលីងរលោងទឹកភ្នែក អួលដើមក នៅ ចំពោះមុខអ្នកសារព័ត៌មាន។ តារាចម្រៀងប្រចាំ ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា និងមានងារជាឧកញ៉ារូប នេះមាន ក្ដីស្រលាញ់ធំធេងណាស់ ពិបាកនឹងបរិយាយគ្រាដែលប្អូនស្រី ពៅ មានជំងឺ និងត្រូវព្យាបាលដែលចំណាយថវិកា ច្រើនសន្ធឹកសន្ធាប់សឹងតែអស់ពីខ្លួនក៏លោកមិនព្រមចុះចាញ់ដែរតស៊ូរកប្រាក់ ដើម្បីធ្វើយ៉ាងណា ឲ្យតែ ខេមរៈ ស្រីពៅ ជាសះស្បើយ និងមានរឿងច្រើនរាប់មិនអស់ទៀតដែលម្ចាស់បទ “អូនរាំអែន ” ធ្វើសម្រាប់ក្រុមគ្រួសារ និង សង្គមជាតិ៕