លោក សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដែលជាកូនប្រុសពៅរបស់សម្ដេចវិបុលបញ្ញា សុខ អាន បានចូលរោងជ័យរៀបមង្គលការជាមួយកញ្ញា អ៊ឹង ឈីវលី ហៅ លីលី ម្ចាស់ក្រុមហ៊ុនផលិតនំស្រួយលីលី និងជាកូនស្រីរបស់លោកស្រីឧកញ៉ា កែវ មុំ នៅគេហដ្ឋានសម្ដេច សុខ អាន លើផ្លូវសម្ដេចប៉ាន នាព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤នេះ។
មុនដល់ថ្ងៃចូលរោងជ័យនេះ លោក សុខ សង្វារ ក៏បានបង្ហាញរូបថតដែលខ្លួននិងភរិយា ថតក្នុងប្លង់ដូចគ្នាកាល សម្ដេចវិបុលបញ្ញា សុខ អាន និងលោកស្រី ថេង អាយអាន្នី បានថតជាមួយគ្នា អំឡុងទសវត្សរ៍ឆ្នាំ៨០។ លោក សង្វារ បានលើកឡើងលើទំព័រហ្វេសប៊ុក កាលពីថ្ងៃអង្គារម្សិលមិញថា៖ “ចូលរោងការស្អែកហើយ ខ្ញុំបានសួរម៉ែថា តើរូបនេះថតពីពេលណា? ម៉ែថាថតក្រោយសម័យប៉ុល ពត ប្រហែលអំឡុងឆ្នាំ១៩៨៥-១៩៨៧។ ស្រដៀងគ្នាដែរ នៅ២០២៤ ខ្ញុំឈរនៅទីនេះជាមួយលីលី នៅ៤ទសវត្សក្រោយ”។
លោកស្រីឧកញ៉ា កែវ មុំ បានបញ្ជាក់ឱ្យដឹងតាមបណ្តាញសង្គមថា កម្មវិធីសិរីមង្គលកូនប្រុសកូនស្រី នឹងប្រព្រឹត្តធ្វើឡើងរយៈពេល ២ថ្ងៃពេញតែម្តង គឺនៅថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០២៤។ លោកស្រីឧកញ៉ា ក៏ធ្លាប់បានបញ្ជាក់ផងដែរថា កម្មវិធីមង្គលការកូនស្រីរបស់លោកស្រីនេះ នឹងមានចាក់បញ្ចាំង នូវទីរមណីយដ្ឋាន ស្អាតប្លែក ប្រណិត អស្ចារ្យ មច្ឆរិយៈ ក្នុងប្រទេសកម្ពុជា ជាច្រើនកន្លែង៕