ថ្ងៃចូលរោងលោក សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ត្រូវជាកូនប្រុសពៅរបស់សម្ដេចវិបុលបញ្ញា សុខ អាន ជាមួយកូនក្រមុំនាម អ៊ឹង ឈីវលី ហៅ លីលី ម្ចាស់ក្រុមហ៊ុនផលិតនំស្រួយលីលី និងជាកូនស្រីរបស់លោកស្រីឧកញ៉ា កែវ មុំ មានការតុបតែងយ៉ាងប្រណិត ស័ក្ដិសមនឹងឋានៈបុណ្យស័ក្ដិ មុខមាត់ក្នុងសង្គម។

ងាកទៅមើលកូនកំលោះ-កូនក្រមុំវិញពិតជាសម្អិតសម្អាងយ៉ាងស្រស់ស្អាតទាំងគូ មើលទៅពិតជាសមគ្នាខ្លាំងណាស់។ មិនមែនតែកូនកំលោះ-ក្រមុំឡើយ រៀបចំតុបតែងខ្លួនយ៉ាងស្រស់ស្អាតនោះ ក្រុមគ្រួសារ សាច់ញាតិ និងភ្ញៀវកិត្តិយសទាំងអស់ សុទ្ធតែជ្រើសរើសការឈុតស្លៀកចូលរួមកម្មវិធីជយមង្គលនោះ យ៉ាងផ្ចិតផ្ចង់ផងដែរ។
កម្មវិធីកាលពីល្ងាចមិញនេះ ឃើញមានការចូលរួមពីសំណាក់មន្ត្រីរាជការកំពូលៗជាច្រើន និងអ្នកជំនួញល្បីឈ្មោះលំដាប់ប្រភេទ ព្រមទាំងអ្នកធ្វើការនៅស្ថាប័នឯកជនផ្សេងៗទៀត។ ក្នុងទឹកមុខញញឹមស្រស់ជាប់ជានិច្ចរបស់កូនកំលោះ សុខ សង្វារ និងកូនក្រមុំ អ៊ឹង ឈីវលី ញ៉ាំងឲ្យរូបភាពដែលផ្ដិតចេញមក គួរជាទីចាប់អារម្មណ៍។
កម្មវិធីចូលរោងរបស់កូនប្រុសពៅសម្ដេច សុខ អាន និងកូនស្រីរបស់លោកស្រីឧកញ៉ា កែវ មុំ បានរៀបចំតាំងពីព្រឹកម្សិលមិញ និងមានពិធីប្រពៃណីច្រើនហូរហែ៕






