លោកស្រី សុខ ស្រីអូន ភរិយាឧកញ៉ា អ៊ឹង គីមហុង បានចេញមកលាតត្រដាងរឿងរ៉ាវពិតនៅពីក្រោយភាពជោគជ័យរបស់ ឧកញ៉ា សុខ មុយលី ក្រោយមានគេនិយាយថា ឧកញ៉ា សុខ មុយលី រកស៊ីមានបានដោយសារមានគ្រួសារជាអ្នកមាន។
ថ្មីៗនេះ លោកស្រី សុខ ស្រីអូន បានបង្ហោះវីដេអូមួយជិត១៣នាទីនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន ដោយលោកស្រី បានរៀបរាប់ពីខ្សែជីវិត ប្រវត្ដិនៃការតស៊ូ ខិតខំប្រឹងប្រែងរបស់ប្អូនស្រីបង្កើត គឺឧកញ៉ា សុខ មុយលី ទម្រាំដើរដល់ចំណុចមួយជាឧកញ៉ាវ័យក្មេងសព្វថ្ងៃ។
លោកស្រី សុខ ស្រីអូន បានលើកឡើងថា «នៅក្នុងសង្គមបច្ចុប្បន្នតែងតែមានគេនិយាយថា គាត់ជាកូនអ្នកមាន ថ្ងៃនេះខ្ញុំចង់ប្រាប់ថា គាត់ជាប្អូនអ្នកមាន មិនមែនជាកូនរបស់អ្នកមាននោះទេ ខ្ញុំចិញ្ចឹមកូនខ្ញុំ, ខ្ញុំមិនអាចចិញ្ចឹមគាត់ពីតូចដល់ធំបាននោះទេ គាត់មានដៃមានជើងរកខ្លួនឯងហើយ អ៊ីចឹងខ្ញុំអត់មានត្រូវផ្គត់ផ្គង់គាត់ទៀតនោះទេ»។
លោកស្រីបន្ថែមថា « អ្វីដែលគាត់មានបានមកដល់សព្វថ្ងៃ ជាការខិតខំប្រឹងប្រែងរបស់គាត់ ការព្យាយាមរបស់គាត់ បានគាត់ជាក្មេងល្អ បានល្អ រស់នៅក្នុងសង្គមល្អ ហើយគាត់ជាឧកញ៉ាវ័យក្មេងមួយរូបដែលកើតចេញពីខ្លួនឯងផ្ទាល់ ខ្ញុំអត់មានជួយទំនុកបម្រុងអីទាំងអស់»។
ទន្ទឹមនឹងនោះ លោកស្រី សុខ ស្រីអូន ក៏បានលើកឡើងផងដែរពីគំនិតចេញរកស៊ីដំបូងរបស់ប្អូនស្រី ដែលចង់បើក ហាងលក់កាហ្វេ amazon តែត្រូវបានលោកស្រីឃាត់មិនឱ្យរកស៊ី ព្រោះគិតថាជារបរអ្នកមាន កូនអ្នកក្រមិនអាចរកស៊ីលើរបរនេះនោះទេ ទើបលោកស្រី សុខ មុយលី សម្រេចរកស៊ីមុខរបរផ្សេងដែលបងស្រីណែនាំ រហូតទទួលបានជោគជ័យមកទល់ពេលបច្ចុប្បនេះ។
សូមជម្រាបជូនថា ឧកញ៉ា សុខ មុយលី បច្ចុប្បន្នជា នាយកប្រតិបត្តិក្រុមហ៊ុន ធីអិលអិល រៀល អ៊ីស្ទេត ឯ.ក. ដែលជាក្រុមហ៊ុន ទិញលក់ និងជួលអចលនទ្រព្យ និងមានជំនួញផ្ទាល់ខ្លួនជាច្រើនទៀតនៅក្នុងដៃ។ លោកស្រី ឧកញ៉ា មានស្រុកកំណើតនៅរាជធានីភ្នំពេញ និងជាកូនកំព្រាឪពុក រស់នៅជាមួយម្ដាយ ជាស្រ្តីមេផ្ទះ និងបងស្រីបង្កើតដែលមានឈាមជ័រជាអ្នករកស៊ី គឺលោកស្រី សុខ ស្រីអូន៕