ស្ពានអាកាស មរតកតេជោ របស់អ្នកឧកញ៉ា ពុង ឃាវសែ នឹងដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើរបណ្ដោះអាសន្ន នៅដើមខែក្រោយ

ជុំវិញ​ឧកញ៉ា

ស្ពានអាកាស មរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចររវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស នឹងដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើរជាបណ្ដោះអាសន្ន នៅដើមខែក្រោយនេះហើយ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមសេចក្ដីជូនដំណឹងនេះបញ្ជាក់ថា ការសាងសង់ស្ពានអាកាស “មរតកតេជោ” ជាន់ទី២ ដំណាក់កាលទី១ បានសម្រេចស្ទើរទាំងស្រុងហើយ ដោយនឹងបញ្ចប់ការដ្ឋាន នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។ ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ ក៏ដូចជួយដោះស្រាយការកកស្ទះចរាចរបានមួយកម្រិត ត្រង់ចំណុចប្រសព្វមហាវិថីទាំងបី។ ស្ពានអាកាសនេះ នឹងបើកឱ្យធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១ ខែមេសា តទៅ។

សូមជម្រាបជូនថា ស្ពានអាកាស « មរតកតេជោ» ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ស្ថាបនាដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ គ្រោងចំណាយថវិកាជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ៕