សមាគមឧកញ៉ាកម្ពុជា ដែលដឹកនាំដោយអ្នកឧកញ៉ា លី យ៉ុងផាត់ បានជួបទទួល និងពិភាក្សាធុរកិច្ចជាមួយ គណៈប្រតិភូទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នាទីស្នាក់ការសមាគមឧកញ៉ាកម្ពុជា រហូតដល់ទៅជិត៣ម៉ោង សម្រេចបានលទ្ធផលគួរជាទីមោទនៈ។
បើតាមសមាគមឧកញ៉ាកម្ពុជា ជំនួបនេះធ្វើឡើងក្នុងគោលបំណងពិភាក្សាលើកិច្ចសហប្រតិបត្តិការធុរកិច្ចរវាងក្រុមហ៊ុនកម្ពុជា-ចិន និងការសិក្សា ដើម្បីវិនិយោគតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងស្វែងយល់បន្ថែមពីបរិយាកាសធុរកិច្ចផ្សេងៗ។
នៅចំពោះមុខ លោក Zhong Hong អភិបាលរងទីក្រុងណាននីង និងគណៈប្រតិភូទីក្រុងណាននីង អ្នកឧកញ៉ា លី យ៉ុងផាត់ បានជម្រាបជូនគណៈប្រតិភូពីទស្សនវិស័យ បេសកកម្ម និងតួនាទីស្នូលនៃសមាគមឧកញ៉ាកម្ពុជា ជាពិសេស បានរំលេចភាពជាដៃគូនៃសមាគមឧកញ៉ាកម្ពុជា ជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងជំរុញការ ទាក់ទាញអ្នកវិនិយោគិនមកវិនិយោគនៅកម្ពុជា ព្រមទាំងភាពជាតំណាងឱ្យឧកញ៉ាទាំងអស់នៅកម្ពុជាផងដែរ។
ក្នុងនោះដែរ សមាជិកអង្គប្រជុំទាំងមូលធ្វើការណែនាំខ្លួន និងអាជីវកម្ម ព្រមទាំងការផ្លាស់ប្តូរមតិយោបល់ទៅវិញទៅមក ដោយលើកពីវិស័យអាទិភាពដែលមានសក្តានុពលនៅកម្ពុជា ជាពិសេសការធ្វើបទបង្ហាញ ពីការអភិវឌ្ឍតំបន់ សេដ្ឋកិច្ច ពិសេសនាងកុកកោះកុង និងកំពង់ផែទឹកជ្រៅដែលអាចទទួលនូវកប៉ាល់ខ្នាតធំចូលមកកំពង់ផែក្នុងខេត្តកោះកុង ផងដែរ។
ជាការឆ្លើយតប លោក Zhong Hong និងគណៈប្រតិភូ បានសំដែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានថ្លែង អំណរ គុណ យ៉ាងជ្រាលជ្រៅដល់អ្នកឧកញ៉ា លី យ៉ុងផាត់ ដែលបានទទួលស្វាគមន៍រូបលោក និងគណៈប្រតិភូយ៉ាងកក់ក្ដៅ។ ជាមួយគ្នានេះដែរ លោកក៏បានបង្ហាញសុទិដ្ឋិនិយមថា កិច្ចប្រជុំនៅថ្ងៃនេះ នឹងក្លាយជាច្រកមួយដ៏សំខាន់ ក្នុងការសហ ប្រតិបត្តិការ នៅថ្ងៃខាងមុខ។
ទន្ទឹមនឹងនេះលោក Zhong Hong ក៏បានបង្ហាញពីតំបន់សក្តានុពលនៃទីក្រុងណាននីង តាមរយៈវីដេអូខ្លីជូន ដល់អង្គប្រជុំ ផងដែរ។
ជាលទ្ធផលនៃជំនួនរវាង សមាគមឧកញ៉ាកម្ពុជា ជាមួយនឹងគណៈប្រតិភូទីក្រុងណាននីង ខេត្តក្វាងស៊ី បានឯកភាពគ្នា លើ២ចំណុចធំៗគឺ៖
១-ការចាត់វិស័យសក្តានុពលចំនួន៣ ដើម្បីចាប់ផ្តើមការងារបន្តដូចជា៖ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដោយផ្តោត ជាសំខាន់លើដំណាំកៅស៊ូ និងស្វាយចន្ទី, វិស័យភ័ស្តុភាកម្ម និងការដឹកជញ្ជូន និងសម្របសម្រួលពាណិជ្ជកម្ម ក៏ដូចជា សេវាគយ, វិស័យកម្មន្តសាល និងការកែច្នៃសម្រាប់នាំចេញ។ បន្ថែមពីនោះភាគីចិនក៏បាន ផ្តោតសំខាន់លើការប្រមូល ដែក ចាស់ៗ ដើម្បីកែច្នៃសម្រាប់ការនាំចេញទៅក្រៅប្រទេស។
២-ការបំពេញទស្សនកិច្ចទៅវិញទៅមក ដោយ លោក Zhong Hong អញ្ជើញអ្នកឧកញ៉ា លី យ៉ុងផាត់ និងសមាជិក សមាគមឧកញ៉ាកម្ពុជាទៅបំពេញទស្សនកិច្ចនៅទីក្រុងណាននីង និងរោងចក្រនៅថៃនាពេលណាមួយខាងមុខនេះ ព្រម ទាំង នឹងអញ្ជើញវិនិយោគិនចិន ដែលស្ថិតនៅក្នុងវិស័យខាងលើមកបំពេញទស្សនកិច្ចនៅ កម្ពុជានាពេលខាងមុខនេះ ផងដែរ។
ជាការឆ្លើយតប អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគម ឧកញ៉ាកម្ពុជា នឹងរៀបចំឱ្យមានដំណើរបំពេញ ទស្សនកិច្ចក្នុង ពេល សមស្រប ណាមួយ នាពេលខាងមុខនេះ៕