លោកឧកញ៉ា ហេង បូរិន ប្រធានក្រុមប្រឹក្សាភិបាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយ និងជាអគ្គនាយក ក្រុមហ៊ុន បុរី ហេង បូរិន គ្រុប រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន កាលពីថ្ងៃទី២៨ ខែមីនា បានប្រគល់រថយន្តថ្មីស្រឡាងមួយគ្រឿង ម៉ាក Toyota Hilux Rally ស៊េរីឆ្នាំ២០២៤ ដល់បុគ្គលិកឆ្នើមមួយរូបទៀត ដែលមានស្នាដៃល្អ រួមចំណែកជាមួយក្រុមហ៊ុន ។

លោកឧកញ៉ា ម្ចាស់គម្រោងបុរី ហេង បូរិន បានលើកឡើងលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៨ ខែមីនា យ៉ាងដូច្នេះថា ៖ «ភាពស្មោះត្រង់ ការខិតខំប្រឹងប្រែង លទ្ធផលការងារល្អ គឺជាអាវុធប្រចាំកាយ ដើម្បីកែប្រែជោគវាសនារបស់ខ្លួន ឱ្យប្រសើរឡើង នេះជាលើកទី៣ ហើយ ដែលផ្ដល់ជូនដល់បុគ្គលិកមានស្នាដៃ ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថានឹងមានបុគ្គលិកផ្សេងៗទៀត នឹងទទួលបានដូចជាគាត់ផងដែរ »។
លោកឧកញ៉ា អគ្គនាយក ក្រុមហ៊ុន បុរី ហេង បូរិន គ្រុប តែងតែបង្ហាញសកម្មភាពយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់បុគ្គលិកថ្នាក់ក្រោម តាមគ្រប់រូបភាព។ ហើយនេះ ក៏ជាលើកទី៣ ដែលលោកឧកញ៉ា បានប្រគល់ រថយន្តស៊េរីថ្មី ដល់បុគ្គលិក ដែលមានស្នាដៃជាមួយក្រុមហ៊ុន ខណៈដែលលោកឧកញ៉ា រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងៗទៀត ក៏ធ្លាប់បានប្រគល់រថយន្តលើកទី២ ថ្មីស្រឡាងដូចគ្នា ជូនដល់បុគ្គលិកឆ្នើមមួយរូប កាលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ។



ក្រៅពីការលើកទឹកចិត្តបុគ្គលិកគ្រប់ជាន់ថ្នាក់ តាមគ្រប់រូបភាព លោកឧកញ៉ា ហេង បូរិន ដែលមានតួនាទីជាសមាជិកសកម្មសមាគមឧកញ៉ាកម្ពុជា ផងនោះ ក៏តែងតែភ្ជាប់ខ្លួន រួមដំណើរ សឹងគ្រប់កម្មវិធីសប្បុរសធម៌ចុះជួយសង្គមជាច្រើន ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ និងសមាជិករបស់សមាគមឧកញ៉ាកម្ពុជា ផងដែរ។
សូមជម្រាបថា លោកឧកញ៉ា ហេង បូរិន គឺជាសហគ្រិនក្នុងស្រុកមួយរូប ដែលបាននឹងកំពុងបន្តសកម្មភាពវិនិយោគ និងផ្ដល់ឱកាសការងារជាច្រើនកន្លែងដល់បុគ្គលិកគ្រប់ផ្នែកដែលពាក់ព័ន្ធ។ ក្រុមហ៊ុន ហេង បូរិន គ្រុប មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ដែលកំពុងប្រតិបត្តិការអាជីវកម្មយ៉ាងរឹងមាំ រួមមាន៖ គម្រោងបុរី ហេង បូរិន គ្រុប មានទីតាំងស្ថិតនៅសង្កាត់បែកចាន ខណ្ឌកំបូល, គ្រឹះស្ថានមីក្រូហិរញ្ញ រួមទាំងអាជីវកម្មជាច្រើនផ្សេងទៀត ថែមទៀតផង៕







