អ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្ស ស្រុក ឃុំ ចំនួន ១៨៨រូប នៅទីស្នាក់ការគណបក្សស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ដោយបានចំណាយថវិកាអស់ប្រមាណជាង ៨០ លានរៀល។ នេះបើតាមការបង្ហាញឱ្យដឹងពីក្រុមហ៊ុន ទ្រី ភាព គ្រុប។
ពិធីសំណេះសំណាលនេះ អ្នកឧកញ៉ា ទ្រី ភាព ក្នុងនាមជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង បានរៀបចំឡើងក្នុងគោលបំណង ដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីគណបក្សស្រុក-ឃុំទាំងអស់ ដែលបានបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់។
បន្ថែមលើនេះ អ្នកឧកញ៉ាបានបន្តថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខេត្តអណត្តិទី៤ ឆ្នាំ២០២៤ នឹងត្រូវបានធ្វើឡើង នៅថ្ងៃទី២៦ ខែឧសភា ខាងមុខនេះ។ ដូច្នេះ សូមមន្ត្រីគណបក្សស្រុក-ឃុំទាំងអស់បន្តរក្សាឆន្ទៈស្រឡាញ់ គាំទ្រគណបក្សប្រជាជន ដើម្បីឱ្យការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខេត្តអណត្តិទី៤ ខាងមុខនេះ ទទួលបានលទ្ធផលល្អប្រសើរដូចការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កន្លងទៅដែរ។
អ្នកឧកញ៉ា បណ្ឌិត បានបញ្ជាក់ដល់សមាជិក-សមាជិកាទាំងអស់ថា “ជោគជ័យរបស់គណបក្សប្រជាជន គឺដោយសារ ការឯកភាពផ្ទៃក្នុងដ៏រឹងមាំ និងមានការគាំទ្រលើសលុបពីប្រជាពលរដ្ឋ”។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ គឺជាការបោះឆ្នោតមួយក្នុងចំណោមការបោះឆ្នោតទាំង៤ នៅព្រះរាជាណាចក្រកម្ពុជា (ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា, ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ, ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់)៕