មកដឹងពីលក្ខណៈពិសេសរបស់កូនស្រីឧកញ៉ា កែវ មុំ ដែលធ្វើឱ្យលោក សុខ សង្វារ ជាប់ចិត្តលង់ស្រលាញ់

ជុំវិញ​ឧកញ៉ា

កូនប្រុស​ពៅ​របស់​​សម្ដេច​វិបុល​បញ្ញា សុខ អាន គឺ​​​លោក សុខ សង្វារ រដ្ឋលេខាធិការ​ក្រសួងមុខងារសាធារណៈ បាន​បង្ហាញ​ពី​លក្ខណៈពិសេស​មួយ​ចំនួន​របស់​​កញ្ញា អ៊ឹង ឈីវលី ហៅ​ លីលី ម្ចាស់​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លីលី និងជា​កូនស្រី​របស់​លោកស្រី​ឧកញ៉ា កែវ មុំ ​​ដែល​ធ្វើ​ឱ្យ​លោក​​ជាប់ចិត្ត​លង់ស្រលាញ់ និង​​បាន​ឈាន​ដល់​ដំណាក់​កាល​រៀបមង្គលការ​ជាមួយ​គ្នា កាលពី​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ កន្លង​ទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សុខ សង្វារ ​​បាន​បង្ហោះ​​វីដេអូ​​មុន​អាពាហ៍ពិពាហ៍ ( Pre wedding) ​​​​​លើ​ទំព័រហ្វេសប៊ុក​​របស់​ខ្លួន​ ​​កាលពី​ថ្ងៃទី០១ ខែមេសា ​ម្សិលមិញ​នេះ បង្ហាញ​ពី​ទិដ្ឋភាព​​ដ៏​អស្ចារ្យ​នៃ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​តាម​បណ្តាខេត្ត​មួយ​ចំនួន ក្នុង​លក្ខណៈ​សហសម័យ​ រាប់​ចាប់តាំង​ពី​សម័យ​អង្គរ សម័យ​ក្រោយ​អង្គរ រហូត​ដល់​សម័យ​ទំនើប។ ក្នុងវីដេអូ​ឃ្លីប​ជាង​៩នាទី លោក សុខ សង្វារ ​​បាន​បង្ហើប​ឱ្យ​ដឹង​ថា លោក​បាក់ចិត្ត​ស្រលាញ់​កញ្ញា​លីលី ជាយូរមក​ហើយ ជាពិសេស​ពេល​ឃើញ​កញ្ញាលីលី​ដំបូង លោក​សង្កេត​ឃើញ​ថា កញ្ញាមាន​អត្តចរិក​​សុភាព​រាបសារ កាយវិការ​ទន់ភ្លន់ ស័ក្តិសម​ជា​នារីខ្មែរ។ លោក​បន្ត​ថា កញ្ញាលីលី ជានារី​ម្នាក់​ប្រកប​ដោយ​ចរិយាសម្បត្តិ​ល្អ​គ្រប់ប្រការ ចេះ​ប្រតិបត្តិ​ជំនឿសាសនា រក្សា​បាន​នូវ​ទំនៀមទំលាប់​ប្រពៃណី ដែលស័ក្តិសម​ជា​នារី​ខ្មែរ​មាន​ពូជអម្បូរ មានចំណេះដឹង​ខ្ពង់ខ្ពស់ ប្រៀប​បាន​នឹង​នារី​គ្រប់លក្ខ័ណ៍។ បន្ថែមលើ​នេះ​ លោក​យល់​ថា កញ្ញាលីលី ជានារី​ឧស្សាហ៍​ម្នាក់ ប៉ិនប្រសប់​លើ​ការងារ​ផ្ទះសម្បែង ថែម​ទាំង​មាន​ចំណេះជំនាញ​ច្បាស់លាស់ អាច​​​រក​ប្រាក់​ចំណូល​ជួយ​ផ្គត់ផ្គង់​គ្រួសារ​ផង​ដែរ។

សូមជម្រាបថា លោក សុខ សង្វារ ​​និង​កញ្ញាលីលី ​​បាន​រៀបចំពិធី​មង្គលការ​ដ៏​ធំ​រយៈពេល ២​ថ្ងៃ​ពេញ នៅ​ថ្ងៃទី២៧-២៨ ខែមីនា ដោយ​​​​ពិធីប្រពៃណី​ផ្សេងៗ​​ប្រារព្វ​ធ្វើ​ឡើង​នៅ​គេហដ្ឋាន​​សម្ដេច សុខ អាន លើ​​ផ្លូវ​សម្ដេច​ប៉ាន និង​សម្រាប់​​ការ​ទទួល​ទាន​ភោជនីយាហារ​ ពេល​ល្ងាច​ថ្ងៃ២៨ គឺ​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ OCIC៕

សូមទស្សនាវីដេអូ (ចុចទីនេះ)