អ្នកឧកញ៉ាបណ្ឌិត ជា រតនា អគ្គនាយកក្រុមហ៊ុន សាន់ & ម៉ូន និងអ្នកឧកញ៉ា សុខ វណ្ណា កាលពីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ បានប្រគល់រថយន្តសង្គ្រោះបន្ទាន់ចំនួន ២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនទៅក្រុមការងារ អង្គភាពសេនាតេជោ (វិមាន ឈ្នះ ឈ្នះ) និងមណ្ឌលសុខភាពព្រៃនប់។ ក្នុងនោះ លោក លឹម វាសនា ដែលជាសប្បុរសជន បានបរិច្ចាគថវិកាចំនួន ៤ពាន់ដុល្លារ តាមរយៈអ្នកឧកញ៉ាបណ្ឌិត ជា រតនា ។
រថយន្តគិលានសង្គ្រោះបន្ទាន់ ទាំង ២គ្រឿង នេះ បំពាក់ទៅដោយសម្ភារៈបរិក្ខារពេទ្យសង្គ្រោះកំប្លេ សម្រាប់ចល័តអន្តរាគមន៍សង្គ្រោះបន្ទាន់នានា។ រថយន្តសង្គ្រោះបន្ទាន់ដ៏ទំនើប និងថ្លីសន្លាង គ្រឿងទី៦០ និង៦១ ដែលសម្ដេចទាំងទ្វេ បន្តផ្ដល់ជូន តាមរយៈ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងសប្បុរសជននានា នឹងក្លាយជាប្រយោជនសាធារណៈ ដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាជនរងគ្រោះ ដែលជួបឧប្បវហេតុ ឬមានតម្រូវការចាំបាច់ប្រើប្រាស់។
អ្នកឧកញ៉ាបណ្ឌិត ជា រតនា ថ្លែងថា៖ “ថ្ងៃនេះ រូបខ្ញុំផ្ទាល់ និងសប្បុរសជនទាំងអស់ ពិតជាត្រេកអរ និងមានកិត្តិយសណាស់ ដែលបានប្រគល់រថយន្តគិលានសង្គ្រោះ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនអង្គភាពសេនាតេជោ (វិមាន ឈ្នះ ឈ្នះ) និងមណ្ឌលសុខភាពព្រៃនប់ ដោយផ្ទាល់ដៃ។ ហើយខ្ញុំសង្ឃឹមថា រថយន្តសង្គ្រោះបន្ទាន់គ្រឿងទី៦០ និងទី៦១ ទាំង២ នេះ នឹងបានរួមចំណែកជួយសម្រួលការងារសង្គ្រោះបន្ទាន់នានានៅតាមមូលដ្ឋានបានមួយកម្រិតទៀត និងសូមចូលរួមថែរក្សារថយន្តទាំងនេះ ឱ្យបានល្អទាំងអស់គ្នា ជាពិសេសសូមកុំមានការរើសអើងក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលមានទុក្ខលំបាក ឬប្រកាន់និន្នាកានយោបាយណាមួយឱ្យសោះ ស្របតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន។”
គួររំឮកដែរថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ឯកឧត្ដមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្រសួងការពារជាតិ រួមទាំង អ្នកឧកញ៉ាបណ្ឌិត ជា រតនា, លោកឧកញ៉ា សុខ វណ្ណា និងនាយទាហានជាន់ខ្ពស់ ក្នុងអគ្គបញ្ជាការដ្ឋានជាច្រើនរូបផ្សេងទៀត ក៏ទើបតែប្រគល់រថយន្តគិលានសង្គ្រោះបន្ទាន់គ្រឿងទី៥៩ ចំនួន ១គ្រឿង របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនក្រុមគ្រូពេទ្យនៃមជ្ឈមណ្ឌលហ្វឹកហ្វឺន កងកម្លាំងជំនាញការពារព្រំដែន ស្ថិតក្នុងភូមិសាស្ត្រឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ផងដែរ ។
អ្នកឧកញ៉ាបណ្ឌិត ជា រតនា បច្ចុប្បន្ន គឺជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សាន់ & មូន គ្រុប និងជាម្ចាស់សណ្ឋាគារលំដាប់ផ្កាយ ៥ សាន់ & មូន រីវើសាយ ដែលបាននឹងកំពុងផ្ដល់ការងាររាប់រយកន្លែងដល់បុគ្គលិកខ្មែរ និងបរទេស ។ ក្រៅពីជាអ្នកជំនួញដ៏ចាស់ទុំ និងស្ងប់ស្ងាត់មួយរូប អ្នកឧកញ៉ាបណ្ឌិត ក៏មានតួនាទីជា ទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន និងជាប្រធាន “មូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា” ផងដែរ។ ជារៀងរាល់ឆ្នាំ មូលនិធិសប្បុរសធម៌របស់ អ្នកឧកញ៉ាបណ្ឌិត និងអ្នកឧកញ៉ា លីហៀក រតនា រួមទាំងសប្បុរសជននានា តែងតែធ្វើអំណោយសប្បុរធម៌ ចែកទាន ជូនកញ្ចប់ថវិកាមិនដែលខាន ដល់ជនពិកាទុរគត ដែលខ្វះខាតជីវភាពពិតប្រាកដ ៕