សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេចតែងតាំងសមាសភាពគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ចំនួន ២៣រូប ក្នុងនោះមាន អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាសមាជិក។
តាមរយៈសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលនេះ សមាសភាពគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម គឺមានលោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាប្រធាន, លោក ស៊ីម សុខខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អនុប្រធាន, លោក ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធានប្រចាំការ និងសមាជិកចំនួន ២០រូប រួមទាំង អ្នកឧកញ៉ា សៀ ឬទ្ធី និងឧកញ៉ា សុខ ពិសិដ្ឋ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) កាលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ គណៈកម្មាធិការនេះ ជាសេនាធិការរបស់រាជរដ្ឋាភិបាលសម្រាប់ផ្តល់យោបល់អំពីការរៀបចំនិងការអនុវត្តគោលនយោបាយពាណិជ្ជកម្ម ដើម្បីធានាប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការអនុវត្តគោលនយោបាយទាំងនោះ ជាពិសេសការបង្កើនការនាំចេញទៅកាន់ទីផ្សារឬដៃគូពាណិជ្ជកម្មសក្តានុពល តាមរយៈការពង្រឹងសមត្ថភាពផលិតកម្មនៃឧស្សាហកម្មក្នុងស្រុក ឱ្យស្របតាមលក្ខខណ្ឌទីផ្សារនីមួយៗ៕