អ្នកឧកញ៉ា លី ហួរ ដឹកនាំអ្នកឧកញ៉ា ឧកញ៉ាម្ចាស់បុរីធំៗនៅស្រុកខ្មែរ រៀបចំសន្និបាតប្រចាំឆ្នាំរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី ហួរ ប្រធាន​សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ​​កាលពី​រសៀល​ថ្ងៃ​ទី០២ ខែមេសា ឆ្នាំ២០២៤ បាន​ដឹកនាំ​អនុប្រធាន និងសមាជិក​នៃ​សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលភាគច្រើន​ជា​ អ្នកឧកញ៉ា ឧកញ៉ា ​ម្ចាស់បុរី​ធំៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សមាគម​អ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ​ក្រោម​អធិបតីភាព​លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធី​សន្និបាត​ប្រចាំឆ្នាំ​ខាង​លើ​នេះ​ ធ្វើឡើង​នៅបុរី ប៉េង ហួត បឹងស្នោ របស់​អ្នកឧកញ៉ា ថៃ ជាហួត ​អនុប្រធាន​សមាគម​អ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួងរៀបចំដែនដី និង​សមាជិក-សមាជិកា​សមាគម ព្រម​ទាំង​ភ្ញៀវកិត្តិយស​ជា​ច្រើន​នាក់​ទៀត។

កម្មវិធី​​សន្និបាត​នេះ រៀបចំឡើង​​មាន​គោលបំណង​ដើម្បី​ពិនិត្យ​ពី​សកម្មភាព និងវឌ្ឍនភាពការងាររបស់​សមាគម ដែល​សម្រេច​លទ្ធផលបាននៅឆ្នាំ២០២៣ និង​រៀបចំផែនការការងារ​សម្រាប់ឆ្នាំ២០២៤។ ជាពិសេសគឺ ការ​ពិភាក្សា​​អំពី​ផលប៉ះ​ពាល់ និង​បញ្ហា​មួយចំនួន​លើ​វិស័យ​អចលនទ្រព្យ និង​វិស័យសំណង់ ដូចជា​បញ្ហា​វិបត្តិសេដ្ឋកិច្ច និង​បញ្ហាសកល​នៃ​សង្គ្រាម​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន។

អ្នកឧកញ៉ា លី ហួរ បាន​លើកឡើង​ថា បញ្ហាសេដ្ឋកិច្ច​ធ្លាក់ចុះ​ជាសកល ​​បាន​ជះឥទ្ធិពលយ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច​កម្ពុជា​ទាំង​មូល ជាពិសេស​លើ​វិស័យ​អចលនទ្រព្យ ​ខណៈ​ដែល​បច្ចុប្បន្ន​នេះ​ គម្រោង​បុរី និងខុនដូ ការលក់​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ អ្នកឧកញ៉ា​ប្រធានសមាគម បាន​បន្ថែម​ដូច្នេះ​ថា៖ “ជាក់ស្តែង ​អតិថិជនពន្យាពេលបង់ប្រាក់ រហូតដល់អតិថិជនមួយចំនួន​មិនមានលទ្ធភាព មិនបានបង់ប្រាក់ត្រឡប់មកក្រុមហ៊ុនវិញ ព្រមទាំងទាមទារឱ្យ​ក្រុមហ៊ុនទិញផ្ទះត្រឡប់មកវិញ ធនាគារ​ពាណិជ្ជក៏បានតម្លើងអត្រាការប្រាក់ និងរឹតបន្តឹងការផ្ដល់ឥណទានលំនៅឋានជូនអតិថិជន ផ្អាកផ្តល់ឥណទានលើការ​វិនិយោគ​លើវិស័យសំណង់ ក្រសួងស្ថានប័នរដ្ឋ ដែលពាក់ព័ន្ធមានការយឺតយ៉ាវក្នុងការផ្តល់សេវាកម្ម រឹតបន្តឹងលើការ​អនុវត្តផ្លូវច្បាប់ និងមានការផាកពិន័យជាប្រាក់ដល់ក្រុមហ៊ុនអភិវឌ្ឍន៍ផងដែរ ធ្វើឱ្យ​ក្រុមហ៊ុនមួយចំនួនមាន​វិបត្តិហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ ក្រុមហ៊ុនមួយចំនួនផ្អាកការសាងសង់ បិទគម្រោងទាំងមូល និងឈានទៅដល់ក្ស័យធនតែម្ដង”។

ឆ្លើយតប​នឹង​បញ្ហា​ខាង​លើ ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ក្នុងនាម​ជា​ប្រធានស្ថាប័ន​​ដែលជា​អាណាព្យាបាល បាន​ថ្លែងថា កង្វល់របស់សមាគម ក៏ជាកង្វល់របស់ក្រសួងដូចគ្នា​ ដូច្នេះ​ក្រសួងនិងសមាគម​យកឱកាសនេះ ដើម្បីស្វែងរក​យុទ្ធសាស្ដ្ររួម សម្រាប់ដើរទៅមុខទាំងអស់គ្នា ដោយពួតដៃគ្នាឈរលើវិថីមួយដ៏ត្រឹមត្រូវ ដើម្បីកុំឱ្យមានការលំបាក​ទៅថ្ងៃ​ខាងមុខទៀត ពិសេសការខាតបង់ទាំងពេលវេលា និងថវិកា។

​​​គួររំឭក​ថា កាលថ្ងៃ២៣ ខែតុលា ឆ្នាំ២០២៣ អ្នកឧកញ៉ា លី ហួរ បានដឹកនាំ​ប្រតិភូ​សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ​​ចូលជួប​ប្រជុំ​ជាមួយ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ នៅ​ទីស្តីការក្រសួងរៀបចំដែនដី និង​បាន​លើក​សំណើ​​សុំ​ដល់​រាជរដ្ឋាភិបាល ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​​​មួយចំនួន​ ដើម្បី​ជួយ​សង្គ្រោះ​វិស័យ​សំណង់ និង​វិស័យ​អចលនទ្រព្យ​ឱ្យ​ងើប​ឡើង​វិញ៕