ឧកញ៉ាតំណាងសភាពាណិជ្ជកម្មកម្ពុជា ចូលរួមកិច្ចប្រជុំរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ

ជុំវិញ​ឧកញ៉ា

កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ លោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការ និងលោក គឹម ពីនន់ អនុរដ្ឋលេខាធិការ បានដឹកនាំ​កិច្ចប្រជុំរៀបចំបង្កើតគណៈកម្មការសម្របសម្រួល ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើស​ប្រធានសមាគមសិល្បករខ្មែរ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែឧសភាខាងមុខ ព្រមទាំងមានការអញ្ជើញចូលរួមពីឧកញ៉ាតំណាងសភាពាណិជ្ជកម្មកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំពិភាក្សានេះ មានការចូលរួមពី លោកឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, លោកស្រីឧកញ៉ា នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា, លោកស្រី ចន ច័ន្ទលក្ខិណា ភរិយាឧកញ៉ា ហេង ឡុង ជាប្រធានសមាគមសិល្បករខ្មែរ ព្រមទាំងសមាសភាពអញ្ជើញពីអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។

បើតាម លោកស្រី ចន ច័ន្ទលក្ខិណា បាន​​បញ្ជាក់​លើ​ទំព័រហ្វេសប៊ុក​​ឱ្យដឹងថា ការពិភាក្សា​នៃ​កិច្ចប្រជុំខាង​លើ​ផ្ដោតសំខាន់​លើរបៀបវារៈចំនួន៣ រួមមាន៖ ១-បង្កើតគណៈកម្មការរៀបចំការបោះឆ្នោត, ២-ពិនិត្យខ្លឹមសារ​លក្ខន្តិកៈសម្រាប់​ការឈរ​ឈ្មោះបោះឆ្នោត និងនីតិវិធីនៃការបោះឆ្នោត។ ៣-កំណត់ពេលវេលា ទីកន្លែង និងសមាសភាពនៃអង្គបោះឆ្នោត។

សមាគមសិល្បករខ្មែរ ត្រូវបានបង្កើតឡើងជាដំបូងនៅក្នុងឆ្នាំ២០០៦ ដោយមានការផ្ដួចផ្ដើមគំនិតរបស់អ្នកស្នេហាវិស័យ​សិល្បៈមួយចំនួន ក្នុងគោលបំណង អភិរក្ស អភិវឌ្ឍន៍ លើកស្ទួយវិស័យសិល្បៈជាតិ និងជួយដោះស្រាយរាល់បញ្ហា​របស់​អ្នកសិល្បៈ ជាពិសេសជួយដល់អ្នកសិល្បៈចាស់ជរា ពិការបាត់បង់សមត្ថភាព និងបាត់បង់ជីវិត និងរួមចំណែកជួយ​ដល់​សង្គមជាតិ។

លោកស្រី ចន ច័ន្ទលក្ខិណា បាន​ឱ្យដឹង​បន្ថែម​ទៀត​ថា មួយរយៈកន្លងមកនេះ សមាគមសិល្បករខែ្មរ ក៍បានដើរតួរនាទី​ដ៏​សំខាន់មួយ ជាសេនាធិកាឱ្យ​ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្នុងការចូលរួមបង្កើតសកម្មភាព​សិល្បៈនានា ដើម្បីការលើក​ស្ទួយនូវវប្បធម៌ជាតិ ក៍ដូចជាការជួយសម្រួលនូវកិច្ចការលំបាកផ្សេងៗមួយចំនួនរបស់សិល្បករ សិល្បការិនីដែលបាន​ជួប​នូវបញ្ហាដូចអ្វីដែលជាគោលការណ៍របស់សមាគមផងដែរ។

ទោះយ៉ាងណា នាពេលថ្មីៗនេះ លោកស្រី ចន ច័ន្ទលក្ខិណា បានប្រកាសនឹងមិនឈរឈ្មោះជាបេក្ខភាព​សម្រាប់បោះឆ្នោត​ជ្រើសរើសជាប្រធានសមាគមនៅអាណត្តិបន្ទាប់ និងបានធ្វើលិខិតទៅកាន់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដែលជាស្ថាប័ន​អាណាព្យាបាលនូវវិស័យសិល្បៈគ្រប់ទម្រង់ ដើម្បីជួយចាត់តាំងនូវមន្ត្រីជំនាញ​សម្រាប់​ជួយសម្របសម្រួល​នូវយន្តការៀបចំ​ការបោះឆ្នោតនៅពេលខាងមុខឆាប់ៗ និងដើម្បីឱ្យ​មានតម្លាភាព អព្យាក្រឹត្យភាព និង យុត្តិធម៌សម្រាប់​បេក្ខភាពនានា ដែល​មានបំណង​ចង់ចូលរួមឈរឈ្មោះបោះឆ្នោត ជាប្រធានសមាគមនៅអណត្តិក្រោយនេះ។

សូមជម្រាបថា មកទល់បច្ចុប្បន្ន​មាន​បេក្ខភាព​មួយ​ចំនួន​មានបំណង​ឈរ​ឈ្មោះ​​បោះឆ្នោត​ជា​ប្រធានសមាគមសិល្បករខ្មែរ ក្នុងនោះ​ក៏​មាន លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់​អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង​ជា​ប្រធានសភាពាណិជ្ជកម្មកម្ពុជា​ផងដែរ៕