ឧកញ៉ា តែ ប៉រហុង ចូលរួមសម្ពោធដាក់ឱ្យដំណើរការរោងជាងជួសជុលរថយន្ត ហ្ស៊ី វ៉េ សេ ដែលបានកែលម្អថ្មី ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន ហ៊ីការី ជី ដូសា

ជុំវិញ​ឧកញ៉ា

កាលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុន ធី ធី ភី គ្រុប ខូអិលធីឌី (TTP Group Co., Ltd.) តំណាងដោយឧកញ៉ា តែ ប៉រហុង អនុប្រធានក្រុមហ៊ុន និងក្រុមហ៊ុន ហ៊ីការី ជី ដូសា (HIKARI JIDOSHA) បានសហការជាមួយវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ (JVC) រៀបចំពិធីសម្ពោធដាក់ឱ្យ​ដំណើរការរោងជាង​ជួសជុល​រថយន្ត ហ្ស៊ី វ៉េ សេ ដែលបានកែលម្អថ្មី ប្រព្រឹត្តនៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ក្រោម​អធិបតីភាពលោក អ៊ូអ៊ីណូ អាត់ ស៊ូស៊ី (UENO ATSUSHI) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងនេះ គឺធ្វើឡើងដើម្បីជួយគាំទ្រលើការអនុវត្តកម្មវិធីសិក្សា កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញជួសជុល​និងថែទាំរថយន្ត ដែលមានរយះពេល២ឆ្នាំ។ ហើយជាពិសេស កម្មវិធីបណ្តុះបណ្តាលកម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស​នេះបង្កើតឡើងក្នុងគោលបំណង ជួយគាំទ្រដល់ប្រជាជនកម្ពុជា ក្នុងការបង្កើនធនធាន និងកម្លាំងពលកម្ម​ដែលមានជំនាញបច្ចេកទេសច្បាស់លាស់ តាមបែបស្តង់ដារអន្តរជាតិ។

លោកឧកញ៉ា តែ ប៉រហុង អនុប្រធានក្រុមហ៊ុន TTP GROUP Co., Ltd. មានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែល​បាន​ចូលរួមជាចំណែកមួយ គាំទ្រដល់ប្រជាជនកម្ពុជា ក្នុងការបង្កើនធនធាន និងកម្លាំងពលកម្មដែលមានជំនាញ​បច្ចេកទេស​ច្បាស់លាស់ តាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដៃគូ​សហការពីប្រទេសជប៉ុន លើគម្រោងដែលផ្តល់ជូនសិស្សក្រីក្រ១លាន៥សែននាក់សិក្សា “ជំនាញ” បច្ចេកទេស និងវិជ្ជាជីវៈ ក្រោមការផ្តួចផ្តើម និងប្រកាសដាក់អនុវត្តឲ្យប្រើប្រាស់ជាផ្លូវការដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី។

លោកឧកញ៉ា តែ ប៉រហុង សង្ឃឹមយ៉ាងម៉ុតមាំថា គម្រោងនេះ នឹងក្លាយជាផ្នែកមួយ នៃការអភិវឌ្ឍន៍ធនធានមនុស្ស បង្កើន​អត្រាកម្មភាពនិងសហគ្រិនភាព លើជំនាញជួសជុលនិងថែទាំរថយន្តនៅកម្ពុជា ក្នុងបរិបទសកលភាវូបនីយ៍កម្ម ប្រទេស​មានការរីកចម្រើន លូតលាស់ឥតឈប់ឈរ និងមានការប្រកួតប្រជែង ដើម្បីស្វែងរកឧត្តមភាព គុណភាពផលិតផល និង​សេវាកម្មឱ្យមានកម្រិតអប្បបរមា ជាពិសេសការកសាងកម្លាំងពលកម្មឱ្យមានសមត្ថភាព និងលទ្ធភាពប្រើប្រាស់​បច្ចេកទេស​គ្រប់កម្រិត ដើម្បីឈានទៅ សម្រេចគោលដៅ កំណើនសេដ្ឋកិច្ច និងស្ថិរភាពសង្គម ប្រកបដោយចីរភាព៕