ពិធីសិរីមង្គលអាពាហ៍ពិពាហ៍របស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រី ស សុីណា កូនស្រីរបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចាប់ផ្តើមពិធីចូលរោងជ័យ នៅថ្ងៃទី៣ ខែមេសា និងកំពុងបន្តកម្មវិធីតាមប្រពៃណីជាហូរហែនៅថ្ងៃទី៤ ខែមេសានេះ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់ពីភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំជាតិ អ្នកឧកញ៉ា ឧកញ៉ា អ្នកមុខអ្នកការជាច្រើនរូប។

នៅថ្ងៃចូលរោងជ័យរបស់កូនកំលោះកូនក្រមុំទាំងពីរ កាលពីថ្ងៃទី៣ ខែមេសា បានធ្វើឡើងនៅភូមិគ្រឹះដ៏ស្កឹមស្កៃមួយកន្លែងលើមហាវិថីព្រះនរោត្តម ក្បែរវិមានឯករាជ្យ។ រីឯកម្មវិធីបន្តនៅថ្ងៃទី៤ ខែមេសានេះ បានប្រារព្វធ្វើឡើងនៅ មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC។

ពិធីមង្គលដ៏ធំនេះ ក៏មានការអញ្ជើញជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលទើបចូលកាន់តំណែងថ្មី, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងឥស្សរៈជនជាតិ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តាមបណ្តាក្រសួងស្ថាប័ននានា។

លើសពីនេះ ក៏មានវត្តមាន អ្នកឧកញ៉ា និងឧកញ៉ាៗជាច្រើនអញ្ជើញចូលភ្ញៀវកិត្តិយសក្នុងពិធីចូលរោងជ័យ និងពិធីកាត់សក់បង្កក់សិរីផងដែរ ដែលរួមមាន អ្នកឧកញ៉ា ភាព ហៀក, អ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក ក្រុមហ៊ុន ជីប ម៉ុង គ្រុប, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, ឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងជាសមាជិកព្រឹទ្ធសភា, អ្នកឧកញ៉ា លី ហួរ អគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប, លោកស្រីឧកញ៉ា ហ៊ុន ស៊ីណាត, លោកស្រីឧកញ៉ា កែវ មុំ, ឧកញ៉ា លីម ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុន អិលប៊ីអិន គ្រុប ព្រមទាំងភ្ញៀវកិត្តិយសច្រើនរូបទៀត។





























រូបភាព៖ The Ring