អ្នកឧកញ៉ា ជឹង សុភាព បានបរិច្ចាគថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។

ជារៀងរាល់ឆ្នាំ អ្នកឧកញ៉ា ជឹង សុភាព និងស្វាមី អ្នកឧកញ៉ា ឡាវ ម៉េងឃីន តែងតែចូលរួមបរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនជូនដល់កាកបាទក្រហមកម្ពុជា និងចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។ ជាក់ស្តែង កាលខែកក្កដា ឆ្នាំ២០២២ លោកស្រីអ្នកឧកញ៉ា និងស្វាមី បានប្រកាសបរិច្ចាគថវិកា ១លានដុល្លារ ជូនរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ផងដែរ។

សូមជម្រាបថា ខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ នឹងប្រារព្វឡើងក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ ថវិកាដែលទទួលបានពីសប្បុរសជន សមាគមជាតិមួយនេះនឹងប្រើប្រាស់ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៕