អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប កំពុងដឹកនាំក្រុមជំនាញការជាតិ និងអន្តរជាតិ ដើម្បីជំរុញការងារចាក់បេតុងលើផ្លូវតភ្ជាប់ពីភ្នំបូកគោ ត្រង់ចំណុចព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ ក្នុងតំបន់វាលស្រែ៥០០ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ឱ្យបានរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ។

ផ្លូវធ្វើដំណើរឡើងភ្នំបូកគោ ប្រវែង ៦១គីឡូម៉ែត្រ ដែលជាផ្លូវថ្មីត្រូវសាងសង់ពុះកាត់ភ្នំ ផ្ទាំងថ្មធំៗ អូរ និងជ្រោះធំៗជាច្រើន បានឆ្លងកាត់ចំការដូងប្រេងរបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រវែង ១៥គីឡូម៉ែត្រ មានទទឹងផ្លូវសរុបប្រមាណ ២០ម៉ែត្រ ក្នុងនោះមានផ្លូវរថយន្តទៅមក ៧ម៉ែត្រ ផ្លូវម៉ូតូទៅមក ៦ម៉ែត្រ និងចិញ្ចើមផ្លូវប្រវែង ៣,៥ម៉ែត្រទាំងសងខាង។
ផ្លូវថ្មីនេះ បានបញ្ចប់ការឈូសឆាយ ១០០% ជាផ្លូវការ កាលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ និងបានចាប់ផ្តើមការចាក់បេតុង តាំងពីចុងឆ្នាំ២០២៣ និងបច្ចុប្បន្នកំពុងបន្តចាក់បេតុងយ៉ាងសកម្មបន្តទៀត។ ទោះយ៉ាងណា តម្លៃសរុបនៃការសាងសង់ផ្លូវនេះ និងកាលបរិច្ឆេទបញ្ចប់ជាស្ថាពរនៅពេលណា ពុំទាន់បង្ហាញឱ្យដឹងនៅឡើយទេ។

គួរបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវតភ្ជាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោ មកផ្លូវជាតិលេខ៤ ត្រង់ចំណុច គីឡូម៉ែត្រលេខ១៥៨+២៩១ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចកាលពីដើមឆ្នាំ២០២២ ឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយអ្នកជំនួញជើងចាស់ពីររូបគឺ អ្នកឧកញ៉ាបណ្ឌិត សុខ គង់ និងអ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី បើកការឈូសឆាយធ្វើផ្លូវថ្មីនេះឡើង ដើម្បីមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ចំណេញពេលវេលា ជួយលើកកម្ពស់សេដ្ឋកិច្ច គាំទ្រដល់ការវិនិយោគ និងទាក់ទាញផ្នែកទេសចរណ៍៕





