អ្នកឧកញ៉ា លោក-លោកស្រី ប្រធានសមាគមមួយចំនួន បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធឌីជីថល របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្តីការក្រសួងរៀបចំដែនដី ក្រោមអធិបតីភាពលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។

កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធឌីជីថល របស់ក្រសួងរៀបចំដែនដី ចំនួន ២ គឺ៖ ១)ការស្នើសុំសេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក និង ២)ការស្នើសុំសេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក ក្នុងទិសដៅបង្កើនគុណភាព និងពង្រីកវិសាលភាពសេវាសាធារណៈឱ្យកាន់តែរហ័ស ប្រសិទ្ធភាព និងតម្លាភាព ដោយផ្អែកលើមូលដ្ឋានទិន្នន័យ និងការធ្វើបរិវត្តកម្មឌីជីថល។ ទទឹមនេះដែរ ក្រសួងរៀបចំដែនដី បានកសាងនូវប្រព័ន្ធឌីជីថលសំខាន់ៗដូចខាងក្រោម៖
១) ការស្នើសុំសេវាសាធារណៈអនឡាញ
២) ចរន្តការរដ្ឋបាលក្រសួងតាមប្រព័ន្ធអេឡិចត្រូនិក
៣) កសាងបណ្ណាល័យឯកសារគតិយុត្តអេឡិចត្រូនិក
៤) ការចុះបញ្ជីដីធ្លីតាមប្រព័ន្ធអេឡិចត្រូនិក
៥) ការរៀបចំថ្នាល់ មជ្ឈមណ្ឌលប្រជាជន (People Center) ដែលជាថ្នាលប្រមូលផ្តុំទិន្នន័យគ្រប់ប្រភេទ សម្រាប់ផ្តល់សេវាដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។
ពិធីខាងលើនេះ ក៏មានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា, លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា, លោកស្រី ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, ឧកញ៉ា វ៉ាន់ ឆាស៍ជួន អនុប្រធាន កាណាឌីយ៉ា គ្រុប, ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង អន្តរក្រសួង វិស័យឯកជន និងភ្ញៀវកិត្តិយសសរុបជាង ១០០០នាក់។

សូមជម្រាបថា តាមប្រសាសន៍លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា កម្មវិធីប្រកាសសេវាធារណៈឌីជីថលនេះ គឺជាផ្នែកដ៏សំខាន់មួយ នៃចក្ខុវិស័យរបស់លោក ដែលមានពាក្យស្លោក «សេវាគាប់ចិត្ត»។ ដើម្បីអាចផ្តល់សេវាគាប់ចិត្តជូនដល់ប្រជាពលរដ្ឋបាន លោកមានគន្លឹះអាទិភាពការងារសំខាន់៣ រួមមាន៖ ១)ចុះបញ្ជីឱ្យរួចរាល់ទូទាំងប្រទេស, ២)ដោះស្រាយវិវាទឱ្យបានបញ្ចប់ ដើម្បីឱ្យមានបរិយាកាសគ្មានវិវាទដីធ្លី និង ៣)ការផ្តល់សេវាទំនើបសម្បូរបែប៕






